ខេត្តប៉ៃលិន ៖ សត្វគោ១ក្បាលបានងាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ខណៈយុវសិស្សម្នាក់បើកម៉ូតូបុកពេញទំហឹងបណ្តាលរងរបួសធ្ងន់ត្រូវគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយសាររបួសធ្ងន់ធ្ងរពេកគ្រូពេទ្យមិនអាចជួយបានក៍ស្លាប់តែម្តង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទីយប់ថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សាក្សីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ដាវីត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។
មុនពេលកើតហេតុគេឃើញសត្វគោ១ក្បាល ត្រូវម្ចាស់ព្រលែងចេញពីក្រោលឱ្យដើរចេញពាសវាលពាសកាល លុះសត្វគោខាងលើរត់ឆ្លងផ្លូវយ៉ាងលឿន ស្របពេលដែលម៉ូតូយុវជនខាងលើបើកបរក្នុងល្បឿនលឿនលើដងផ្លូវត្រង់កន្លែងកើតហេតុក៍បុកពេញទំហឹងបណ្តាលឱ្យងាប់សត្វគោនៅលើដងផ្លូវ។
ក្រោយពេលកើតហេតុជនរងគ្រោះ ដែលរងរបួសធ្ងន់ធ្ងរ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈគ្រូពេទ្យខិតខំប្រឹងប្រែងជួយសង្រ្គោះ តែហួសពេលទៅហើយព្រោះប៉ះពាល់ក្បាលខ្លាំង ។ ចំណែកឯសត្វគោ ត្រូវនគរបាលសួររកម្ចាស់ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ ៕ ដោយ ៖ នាក់ ង៉យ