ឧត្តរមានជ័យ:លោកចៅសង្កាត់បុស្បូវមួយរូប ដែលគេស្គាល់ថា ឈ្មោះខ្លូតយុត សង្ស័យស្រវឹងស្រាជោគខ្លួនបាត់បង់ស្មារតីហើយបើកឡានកាមរីឆ្លាមមួយគ្រឿងពណ៌ត្រីឆ្លូញពាក់ស្លាកលេខ ឧត្តរមានជ័យ.2B.4327 បុកគោយន្តកន្ត្រៃចំពីក្រោយទាំងកម្រោលបណ្តាលឲ្យឡានធ្លាក់ចូលស្នាមភ្លោះ ចំណែកគោយន្តក្រឡាប់បាស់ជើងច្រង៉ាងនៅលើថ្នល់និងមានមនុស្សរងរបួសធ្ងន់ស្រាលចំនួន បីនាក់ ។
ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃចុងសប្តាហ៏លើផ្លូវជាតិលេខ៥៦ ស្ថិតក្នុងភូមិអូរព្រាល សង្កាត់បុសស្បូវក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនដំបូងឡើយគាត់បានឃើញរថយន្តកាម៉ារីឆ្លាម ១គ្រឿងបោះពួយយ៉ាងលឿនស្លេវ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកគោយន្តកន្ត្រៃចំពីក្រោយពេញទំហឹងលាន់ស្នូរប្រោកបណ្ដាលឲ្យ ខ្ទាតប៉ើងក្រឡាប់និងថ្នល់ចំណែករថយន្តធ្លាក់ផ្លូវ និងរងរបួសមនុស្សចំនួន៣នាក់ភ្លាមៗនោះអ្នកភូមិក៏បានចេញមកមើលហ្នឹងបានទូរស័ព្ទប្រាប់សមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍ ដឹកអ្នករបួសយកទៅកាន់មន្ទីរពេទ្យ។
បើតាមការឲ្យដឹងពីលោកវរសេនីយ៍ត្រីនួនពន្លឺ អធិការរងទទួលបន្ទុកការងារចរាចរណ៍បានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៥ថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៏ស្ថិតនៅត្រង់ចំណុចខាងលើនេះ កាលពីយប់មិញនេះយើងអត់ទាន់ហ៊ានឆ្លើយ ប្រាប់លម្អិតនោះទេ ដោយសារមិនទាន់បានវាស់វែងរួចរាល់ ។
លោកអធិការរងដដែលបានអះអាងបន្តថា ចាំលោកវាស់វែងរួចនឹងផ្តល់ពត៌មានតាមក្រោយ ហើយមួយវិញវិញករណីគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្តនិងគោយន្តកន្ត្រៃនេះ តាមការពិនិត្យជាក់ស្តែងរបស់ជំនាញនគរបាលចរាចរណ៏ មូលហេតុ មកពីកត្តា២យ៉ាងផ្សេងគ្នា ទី១/ អ្នកបើកបររថយន្តមានស្ថានភាពស្រវឹង ទី២/គោយន្តកន្ត្រៃបើកអត់មានដាក់ចំណាំងផ្លាតបំភ្លឺឲ្យបានត្រឹមត្រូវនិយាយជារួមករណីនេះសុទ្ធសឹងតែមានចំណែកខុសរៀងៗខ្លួនតែយ៉ាងណាស្ថិតនៅលើការវាស់វែងលម្អិតសិនចំណែកការបើកបរទិសដៅស្របគ្នាពីកើតទៅលិច។
សូមជម្រាបផងដែរថាចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ក្រោយកើតហេតុភ្លាម នគរបាលចរាចរណ៍ នៃអធិការក្រុងសំរោងបានចុះទៅដល់ធ្វើការបាញ់គំនូសយកចេញទៅម្ខាងថ្នល់និងបានយកវត្ថុតាងទាំងពីរមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសំរោងសិនដើម្បីរងចាំដោះស្រាយបន្តទៅតាមនីតិវិធី។ ( ដោយឈឿន ប៊ុនឈី )