កំពង់ស្ពឺៈ ប្រជាពលរដ្ឋជាជនរងគ្រោះរាប់រយគ្រួសារ រស់នៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺបានលើកគ្នាមកដាក់ពាក្យបណ្តឹង ប្ដឹងក្រុមជនឆបោកទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីឲ្យជួយរកយុត្តិធម៌ និងចាប់ខ្លួនក្រុមបក្ខពួកជនខិលខូចទាំងអស់នោះ ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។ បន្ទាប់ពីមានការបែកធ្លាយ ករណីឆបោកប្រាក់រាប់ម៉ឺនដុល្លារជាលក្ខណៈប្រព័ន្ធយកទៅបាត់អស់ក្នុងពេលថ្មីៗនេះ។
យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ បានបញ្ជាក់ថា ពួកគាត់បានចាញ់បោកក្រុមជនសង្ស័យទី១ឈ្មោះ ជិន វិបុល, ទី២ឈ្មោះ ជិន ចាន់ឡឹក, ទី៣ឈ្មោះ ជិន ស្រីនាង ,ទី៤ឈ្មោះ ជិន សុខេង ,ទី៥ឈ្មោះ ជិន ស្រីពៅ និងបក្ខពួកជាច្រើននាក់ទៀត ក្រោមរូបភាព បញ្ចុះបញ្ចូលឲ្យពួកគាត់ដាក់ប្រាក់សន្សុំដោយទទួលបានការប្រាក់ខ្ពស់ពី ១៥ ទៅ៣០ភាគរយ ក្នុងរយៈពេល ១ ទៅ ២សប្ដាហ៍ កាលពីអំឡុងឆ្នាំ២០១៨។
ប្រជាពលរដ្ឋរងគ្រោះខាងលើបន្ដថា រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០២០ ទើបបែកធ្លាយថា នេះជាករណីឆបោក ព្រោះក្រុមជនសង្ស័យពុំបានយកប្រាក់ទៅទូទាត់ជូនប្រជាពលរដ្ឋម្ចាស់លុយតាមការសន្យានោះទេ។ ទំហំទឹកប្រាក់ដែលប្រជាពលរដ្ឋ ចាញ់បោកក្រុមជនសង្ស័យខាងលើ មានចំនួនក្នុងម្នាក់ៗចាប់ពី១ម៉ឺនដុល្លាឡើងទៅរាប់សែន និងលានដុល្លារអាមេរិក។
សូមជម្រាបជូនថា ហេតុការណ៏ដែលប្រជាពលរដ្ឋជាច្រើនគ្រួសារបានលើកគ្នាទៅប្តឹងនៅសាលាឃុំពោធិ៍ចំរើនកាលពីថ្ងៃទី០៥ធ្នូឆ្នាំ២០២០ ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយបញ្ហានេះ ប៉ុន្តែហាក់ពុំសូវបានអាជ្ញាធរយកចិត្តទុកដាក់ឡើយ ខណៈពេលដែលប្រជាពលរដ្ឋបានឃាត់ខ្លួនជនឆរបោកបានចំនួន០៣នាក់ ទើបពួកគាត់សម្រេចចិត្តរកមេធាវី ដាក់ពាក្យប្ដឹងក្រុមជនសង្ស័យតាមផ្លូវច្បាប់។
ជុំវិញករណីឆបោកខាងលើនេះលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងជាសាធារណៈថា កន្លងទៅអាជ្ញាធរធ្លាប់អប់រំពលរដ្ឋដែរ ប៉ុន្តែពលរដ្ឋមិនព្រមស្ដាប់ទើបឈានដល់ការចាញ់បោកក្រុមជនខិលខូចទាំងអស់នោះ៕
មជ្ឍដ្ឋានទូទៅបានលើកឡើងថា បើគេមកធ្វើបែបនេះអាជ្ញាធរខេត្តលោកដឹងថាគេរៀបគម្រោងបោកប្រាស់ប្រជាពលរដ្ឋហើយ ម្តេចបានជាលោកមិនមានវិធានការណ៏ឲ្យបានម៉ឺងម៉ាត់និងសួរនាំឲ្យបានច្បាស់ថាតើធនាគារឬការវិនិយោគកម្ចីការប្រាក់ ដោយផ្តល់កម្រៃសារខ្ពស់បែបនេះមកពីប្រភពណា ក្រុមហ៊ុនឈ្មោះអីមានច្បាប់ទម្លាប់ដែរឬទេ!។អាជ្ញាធរខេត្តមិនត្រូវទុកបណ្តែតបណ្តោយឲ្យគេបោកប្រជាពលរដ្ឋបែបនេះបានសម្រេចហើយ ទើបលោកអភិបាលខេត្តនាំគ្នាស្តីបន្ទោសប្រជាពលរដ្ឋជាក្រោយនោះទេ។