ព័ត៌មានជាតិ

ពលរដ្ឋរស់នៅតាមដងស្ទឹងសៀមរាប ជាង៤០០គ្រួសារ ស្ម័គ្រចិត្តចេញទៅនៅកន្លែងថ្មី


ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្ត នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងការរៀបចំដីធ្លី សម្រាប់ ប្រជាពលរដ្ឋ រស់នៅលើដីចំណីស្ទឹង តាមបណ្តោយស្ទឹងសៀមរាប ចាប់ពីស្ពាននាគ រហូតដល់ស្ពានអង្គរ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបានស្ម័គ្រចិត្ត រុះរើសំណង់ នៅតាមបណ្តោយស្ទឹងសៀមរាប។


លោកទៀ សីហា អភិបាលខេត្តបានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ ដែលធ្វើការផ្លាប់ប្តូរទីតាំងនេះ ទទួលបានគោលនយោបាយ ដីទំហំ ២០ម៉ែត្រគុណនឹង ៣០ម៉ែត្រ ដែលស្ថិតក្នុងភូមិធម្មជាតិរុនតាឯក ឃុំឃុនរាម ស្រុកបន្ទាយស្រីខេត្តសៀមរាប។ក្នុងឱកាស ចុះពិនិត្យទីតាំងនេះ អភិបាលខេត្តបានណែនាំដល់ក្រុមការងារបច្ចេកទេស ត្រូវធ្វើការបោះបង្គោលព្រំ ឱ្យបានត្រឹមត្រូវ ប្រព័ន្ធទឹក ភ្លើង និងរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ ឱ្យសមស្រប ទៅតាមតម្រូវ របស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងការទទួលគោលនយោបាយនេះ បងប្អូនប្រជាពលរដ្ឋ មានការសប្បាយចិត្តនឹងការទទួលយកគោលនយោបាយនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំខេត្ត ដែលបានគិតគូរដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ដោយស្ថានភាពបច្ចុប្បន្នដែលកំពុងធ្វើឱ្យវិបត្តិសេដ្ឋកិច្ច មានការធ្លាក់ចុះ បងប្អូនប្រជាពលរដ្ឋ ក៏បានសំណូមពរដល់រដ្ឋបាល ជួយក្នុងការរុះរើ និងដឹកជញ្ជូនសំណង់ របស់ពួកគាត់មកទីតាំងថ្មីផងដែរ។
សម្មភាពនេះ គឺជាការចូលរួមពីប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍខេត្តសៀមរាប តាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធចំនួន ៣៨ខ្សែ និងការស្តារស្ទឹងសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លារបស់ នាយករដ្ឋមន្ត្រី ហ៊ុន សែនដើម្បីលើកកម្ពស់ សោភ័ណភាព ក្រុងសៀមរាប ឱ្យស័ក្កសម ជាទីក្រុងវៃឆ្លាតនាពេលខាងមុខ។ ម៉្យាងទៀត ក៏ជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាឱ្យបានច្រើនកុះករបន្ទាប់ពីកូវីដបានចប់។
រដ្ឋបាលខេត្តសៀមរាបក៏សូមថ្លែងអំណរគុណផងដែរ ចំពោះកាយវិកា ចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍន៍ ខេត្តសៀមរាប ឱ្យមានសោភ័ណភាព និងក្លាយជាទីក្រុងវ័យឆ្លាតនាពេលអនាគត៕SRP

kdn

Leave a Reply

Your email address will not be published.