ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ធំចុះពិនិត្យស្ថានភាពដីតំបន់ ៣ និងរួមគ្នាអភិរក្ស

កំពង់ធំ៖ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានអំពាវនាវ ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលជាក់ស្តែង នៅជុំវិញបឹងទន្លេសាប នាពេលកន្លងមក ឱ្យរួមគ្នាអភិរក្ស និងអភិវឌ្ឍន៍បឹងទន្លេសាប ឱ្យធនធានជលផល និងធនធានធម្មជាតិ មានភាពល្អប្រសើរឡើងវិញ។

ឯកឧត្តមអភិបាលខេត្តបានអំពាវនាវបែបនេះធ្វើឡើងក្នុងពេលដែលឯកឧត្តម អញ្ជើញដឹកនាំក្រុមការងារថ្នាក់ខេត្ត ចុះពិនិត្យស្ថានភាពដីតំបន់៣ និងជួបសួរសុខទុក្ខប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងអាស្រ័យផលជាក់ស្តែង នៅជុំវិញបឹងទន្លេសាប នាពេលកន្លងមក ស្ថិតនៅក្នុងតំបន់បែកចាន និងភ្នំជីមុស ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។

 

ឯកឧត្តមអភិបាលខេត្តបានបន្តថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តម្រូវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលមានដីជុំវិញបឹងទន្លេសាប បន្តចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង បន្ថែមទៀត ដើម្បីកែសម្រួលទិន្ន័យឱ្យបានច្បាស់លាស់ លើដីតំបន់៣ ដែលប្រជាពលរដ្ឋបានអាស្រ័យផល មានរយៈពេលចាប់ពី ១០ឆ្នាំឡើងទៅ ដើម្បីក្រុមការងាររៀបចំឯកសារ ស្នើសុំគោលការណ៍ពី ប្រមុខរាជរដ្ឋាភិបាល កាត់ឆ្វៀលដីតំបន់៣នេះ ជូនបងប្អូនប្រជាពលរដ្ឋ ទៅតាមអ្វីដែលក្រុមការងារ បានចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែង ដោយផ្អែកលើផែនទីអាកាស ដែលជាផែនទីគោល សម្រាប់យកមកផ្ទៀងផ្ទាត់បន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា បើទោះបីជាដីទាំងនេះ ស្ថិតនៅក្នុងតំបន់២ ឬតំបន់៣ ក៏ដោយ កន្លែងណាដែលនៅមានព្រៃ គឺមិនអនុញ្ញាតឱ្យធ្វើការកាប់ទន្ទ្រានបន្ថែមទៀតនោះទេ។ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ និងអធ្យាស្រ័យទាំងអស់គ្នា។

kdn

Leave a Reply

Your email address will not be published.