ព័ត៌មានជាតិ

រដ្ឋលេខាធិការ កោតសរសើរឯកឧត្តម សុខ លូ ក្នុងការអនុវត្តគំរោងទីក្រុងស្អាត

បាត់ដំបង÷ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរដល់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាល
ខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងក្នុងការអនុវត្តគំរោងទីក្រុងស្អាត ។

ឯកឧត្តមបន្តថា ក្នុងនោះមានការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុងឱ្យកាន់តែមានរបៀបរៀបរយ ដោយការកាត់សំយ៉ាបផ្ទះ ឬផ្លាកប៉ាណូពាណិជ្ជកម្មធំៗចេញ ។

ឯកឧត្តមបានបន្តទៀតថា ការធ្វើបែបនេះគឺដើម្បីឱ្យទីក្រុងដែលសំបូរអគារបុរាណនេះ បានបញ្ចេញសម្រស់អគារបុរាណរបស់ខ្លួន មានភាពទាក់ទាញភ្ញៀវទេសចរណ៍ មកទស្សនាខេត្តបាត់ដំបង ឱ្យកាន់តែច្រើន និងទីពីរគឺការរៀបចំទុកដាក់កាកសំណល់រឹងរាវ ឱ្យមានរបៀបរៀបរយជាងមុន ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ឯកឧត្តម សុខ លូ ធ្វើនេះគឺបានបង្ហាញឱ្យឃើញអំពីភាពទំនួលខុសត្រូវ ក្នុងការដឹកនាំខេត្តបាត់ដំបង ប្រកបដោយភាពម្ចាស់ការ ។

ឯកឧត្តមថ្លែងបែបនេះក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងផ្ទេរភារកិច្ចនាយករដ្ឋបាលសាលាខេត្តបាត់ដំបង នារសៀល សុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

សូមបញ្ជាក់ថា ក្នុងពិធីនេះត្រូវបានប្រកាសតែងតាំង អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងចំនួន ៤រូបបន្ថែម និងប្រកាសផ្ទេរភារកិច្ច នាយករដ្ឋបាលសាលាខេត្តបាត់ដំបង មានដូចខាងក្រោម ៖

១-លោក អ៊ូ ដារី ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង
២-លោក មូល ធន ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង
៣-លោក យឹម សៀប ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង
៤-លោក ទីន សារ៉ាវុធ ជាអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង
៥-លោក យ៉ូវ សេងគុណ ជានាយករដ្ឋបាល សាលាខេត្តបាត់ដំបង ៕

#ដោយលោកអ៊នអឿម

kdn

Leave a Reply

Your email address will not be published.