បន្ទាយមានជ័យ:ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានសហប្រតិបត្តិការរួមគ្នា ដឹកនាំនគរបាលក្រោមឱវាទ ចុះស្រាវជ្រាវនិងបង្ក្រាបមុខសញ្ញាចោរលួចរថយន្ត បាន១ករណី នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងឃុំកូប ស្រុកអូរជ្រៅ។
ជនសង្ស័យត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ដោយកម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលនៃខេត្តទាំង២ និងនគរបាលចរាចរណ៍ផ្លូវគោក។ ជនសង្ស័យមានឈ្មោះ ពុំ ឆៃណា ភេទប្រុស ២៣ឆ្នាំ រស់នៅភូមិមួយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងដកហូតបានវត្ថុតាង រថយន្ត១គ្រឿង ម៉ាកធុនត្រា ដែលបានលួចពី ភូមិទួលធំ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលវេលាម៉ោង៩យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ រួចជនសង្ស័យបានបើករថយន្តមកលាក់ខ្លួននៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មិនបានប៉ុន្មានម៉ោងផង ក៏ត្រូវនគរបាលឃាត់ខ្លួនបានតែម្តង។
លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទណ្ឌ បានបញ្ជាក់ថា ដោយ មានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោស្នងការ និងការសំរបសំរួលពី ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាខេត្តបន្ទាយមានជ័យ ករណីខាងលើ យើងបានធ្វើការប្រគល់ជូន ជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h✅ដោយ ហុីង ចាន់ថន