ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចមិនទទួលពាក្យបណ្ដឹងអ្នកសារព័ត៌មាន ខណៈពេលទៅថតកន្លែងលេងល្បែងស៊ីសង ត្រូវបានក្រុមអ្នកលេង វាយឆក់យកទូរស័ព្ទ


ស្ទឹងត្រែង៖អ្នកសារព័ត៌មានចំនួនពីរ រូប បានរងការគំរាមកំហែង និងប្រើអំបើហឹង្សាឆក់យកទូរស័ព្ទដៃរបស់ពួកគេ ដើម្បីបំបាត់ភស្តុតាង ពីសំណាក់ក្រុមអ្នកលេងល្បែងស៊ីសង ខណៈពួកគេចូលទៅថតនៅក្នុងទីតាំងលេងល្បែងដុះស្លែ ក្នុងមូលដ្ឋានផ្លូវបំបែកគីឡូ៤ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុង/ខេត្តស្ទឹងត្រែង។


ជនរងគ្រោះទី១ឈ្មោះ ជា ទូច អាយុ៣៥ឆ្នាំ ចាងហ្វាងគេហទំព័រ ភ្នែកម្នាស់PNM ដែលមានទីលំនៅឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងរបួសស្រាល បាត់បង់ទូរស័ព្ទ៣គ្រឿងទី២ឈ្មោះ វុធ សុភ័ក្រ អាយុ៣៣ឆ្នាំភ្នាក់ងារព័ត៌មាន កូនខ្មែរម្ចាស់ប្រទេស មានទីលំនៅឃុំអូរគ្រឿង ស្រុកសំបូរ ខេត្តក្រចេះ របួសធ្ងន់បាត់បង់ទូរស័ព្ទដៃ១គ្រឿង។ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ក្រោយកើតហេតុរូបគេ បានបើករថយន្តទៅប្ដឹង នៅសមត្ថកិច្ចពាក់ព័ន្ធ ប៉ុន្តែគ្មាននរណាអើពើទទួលបណ្ដឹងឬរកដំណោះស្រាយឲ្យនោះទេដោយដេញពី១ទៅ១។


ជនរងគ្រោះបន្តថា ក្រោយពួកខ្លួនត្រូវក្រុមអ្នកញៀនល្បែង ប្រើអំពើហឹង្សាវាយប្លន់យកទូរស័ព្ទ បានមកដាក់ពាក្យបណ្ដឹង នៅស្នងការខេត្តស្ទឹងត្រែង ភ្លាមៗ កាលពីរសៀលថ្ងៃទី២៥ខែតុលាឆ្នាំ២០២០ ប៉ុន្តែពុំមានអ្នកទទួលបណ្ដឹងឡើយ ដោយមន្ត្រីនៅទីនោះ ដេញឲ្យទៅប្ដឹងនៅអធិការនគរបាលក្រុងស្ទឹងត្រែង។ ពេលមកដល់កន្លែងអធិការ គឺពុំមានអ្នកទទួលបណ្ដឹងទៀត ដោយគេតម្រូវឲ្យទៅប្ដឹងនៅកន្លែងអាវុធហត្ថវិញ។


លោកបន្តថា ពួកខ្លួនក៏ បានមកប្ដឹងនៅទី បញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងទៀត ស្រាប់តែមន្ត្រីនៅទីនោះ ដេញឲ្យទៅប្ដឹង នៅទីបញ្ជាការកងរាជអាវុធហត្ថក្រុងស្ទឹងត្រែងវិញ។

នៅពេលមកដល់អាវុធហត្ថក្រុងស្ទឹងត្រែង បែរជាគ្មានមនុស្សនៅ ដោយមន្ត្រីទាំងនោះ គេចពីពួកខ្លួនដែលមកប្ដឹង…!។

លោកបានបញ្ជាក់ថាដោយសារតែទៅប្ដឹង កន្លែងសមត្ថកិច្ច៤កន្លែងហើយ មិនមានអ្នកទទួលបណ្ដឹង ទើបនៅរសៀលថ្ងៃទី២៦ខែតុលាឆ្នាំ២០២០ ពួកខ្លួន សម្រេច មកដាក់ពាក្យប្ដឹង នៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដោយទាមទារសំណងជំងឺចិត្តចំនួន៤ម៉ឺនដុល្លារ។ជនរងគ្រោះបានបញ្ជាក់ថា ទីតាំងបនល្បែងដ៏ធំនោះ ស្ថិតនៅជិតផ្លូវបំបែកគីឡូ៤ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានបើកលេងជាប្រចាំ មិនទាន់មាន សមត្ថកិច្ចណាចុះបង្ក្រាបនៅឡើយទេ ដែលមានម្ចាស់សង្វៀនឈ្មោះ តៃ ប៊ុងគួង ហៅកង ភេទប្រុសអាយុ៤៩ឆ្នាំ មានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

បើតាមជនរងគ្រោះបានឲ្យដឹងថា ពួកគេបានខ្លួនចូលទៅដល់ជិត វង់បនល្បែងនោះ បណ្ដាលឱ្យម្ចាស់ទីតាំងនិងក្រុមអ្នកញៀនល្បែងខឹងក៏ នាំគ្នាកាន់ដំបងមែកស្វាយចន្ទី មកព្រួតគ្នាវាយដំ នឹងឆក់យកទូរស័ព្ទតែម្ដង។

ពាក់ព័ន្ធករណីនេះ លោក ឈូក កុម៉ល់ អធិការក្រុងស្ទឹងត្រែង បានប្រាប់អ្នកសារព័ត៌មានថា មិនមែន មិនទទួលបណ្ដឹងទេ គឺពួកគាត់មកប្ដឹង ចំពេលកឋិន របស់ឯកឧត្ដមអភិបាលខេត្ត កំលាំងចេញទៅត្រៀមការពារ ហើយពួកគាត់ថា ទៅពេទ្យសិនចាំព្រឹកបានមកប្ដឹងម្ដងទៀត ហើយក៏បាត់រហូតពេលនេះ មិនឃើញមកប្ដឹង។ទោះជាយ៉ាងណា ជនរងគ្រោះ សង្ឃឹមថាតុលាការខេត្តស្ទឹងត្រែង នឹងបើកការស្រាវជ្រាវចាប់ខ្លួនក្រុមជនដៃដល់ រកយុត្តិធម៌ឲ្យជនរងគ្រោះផង។

 

kdn

Leave a Reply

Your email address will not be published.