ភ្នំពេញ៖ នេះជាការលើកឡើងរបស់លោក យូ សិរីវុឌ្ឍ ក្រុមការងារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាក្នុងជំនួបសំណេះសំណាល និងស្រស់ស្រូបអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានប្រមាណ ២០០នាក់ នៅរាត្រីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។
លោកបន្តថា «អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់បំផុតសម្រាប់ជាកញ្ចក់ឆ្លុះបង្ហាញនូវតថភាពពិតក្នុងសង្គម ហើយក៏ជាកញ្ចក់ជួយកែលំអរការផ្តល់សេវាសាធារណៈឱ្យបានកាន់តែប្រសើរ និងការរួមចំណែកថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម បញ្ចៀសចលនាទុច្ចរិតទាំងឡាយ ដែលចង់បង្កភាពចលាចលក្នុងសង្គម ឬចង់បំផ្លាញសុខសន្តិភាព»។
នាឱកាសនោះ លោក យូ សិរីវុឌ្ឍ បានអរគុណចំពោះអ្នកសារព័ត៌មានដែលបានប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយបង្ហាញព្រឹត្តិការណ៍នានានៅក្នុងសង្គមកម្ពុជា និងបានលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ ឱ្យបន្តប្រឹងប្រែងបំពេញការងាររបស់ខ្លួនឈរលើភាពសុច្ចរិត ផ្សាយការពិតប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ដោយគោរពតាមអនុសាសន៍របស់សម្តេចតេជោ «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។
លោក យូ សិរីវុឌ្ឍ បានបន្តលើកឡើងទៀតថា អ្វីដែលសំខាន់អ្នកសារព័ត៌មានរួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ព័ត៌មានទុច្ចរិត ដោយផ្សាយត្រឡប់នូវសភាពពិតរបស់កម្ពុជា ដើម្បីរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងសុខសន្តិភាពក្នុងសង្គមកម្ពុជា។
ជាមួយគ្នានោះ លោក ភឺន ផល្លា បានជម្រុញលើកទឹកចិត្តដល់អ្នកសារព័ត៌មានឲ្យខិតខំជួយផ្សព្វផ្សាយពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលឲ្យបានកាន់តែទូលំទូលាយ។
លោក ភឺន ផល្លា បានសន្យាជួយដល់អ្នកសារព័ត៌មានដែលមានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវហើយត្រូវបានរងនូវភាពអយុត្តិធម៌ពីសំណាក់អ្នកមានអំណាច ទាំងថវិកានិងមេធាវី៕