តាកែវ:សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះមឿន កៀន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរលក់ដូង មានទីលំនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានធ្វើសកម្មភាពលួចយកសាំងចំនួន០១កាដុង នៅភូមិត្រពាំងទន្លាប់ ឃុំស្រែរនោង ស្រុកត្រាំកក់ ក្រោយលួចសាំងបានហើយក៏ជិះរឺម៉ុក មកដល់ចំណុចភូមិត្រពាំងថ្នល់ ឃុំស្រែរនោង រួចជនសង្ស័យបានធ្វើសកម្មភាពលួចយកស្រូវចំនួន៤បាវ បន្ទាប់ពីលើកស្រូវដាក់លើរឺម៉ុកជិះចេញ ត្រូវបានប្រជាពលរដ្ឋនិងម្ចាស់ឃើញទាន់ហើយដេញតាមពីក្រោយ ចាប់ប្រាប់ប្រភីងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៣វេលាម៉ោង១៥និង៥០នាទីរហូតមកដល់ចំណុចភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវដោយជនសង្ស័យមានកាំបិតកាង៉ុក០១ដើមរត់ដេញកាប់ប្រជាពលរដ្ឋដែលដេញតាមនោះបន្ទាប់មកជនសង្ស័យបានរត់គេចខ្លួនបាត់។
សមត្ថកិច្ចដដែលបន្តថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង១២និង៤០នាទី ។
កម្លាំងសមត្ថកិច្ចបានបញ្ជាក់ថា ក្រោយទទួលបានព័ត៏មានពីរជនរងគ្រោះលោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានដឹកនាំបញ្ជាកម្លាំងជំនាញ នៃអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាក្រៅ ចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា។ លុះដល់ថ្ងៃទី១៣ ខែឆ្នាំដដែល វេលាម៉ោង១២និង ៤០នាទីនៅចំណុចដីទុកចោលក្នុងព្រៃ ដែលស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ទើបកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាន បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង(កាំបិតកាង៉ុក ០១ដើម) យកមកកាន់អធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីសាកសួរ និងបានប្រគល់ជនសង្ស័យនិងវត្ថុតាង ឲ្យទៅសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដែលជាម្ចាស់ករណីដើម្បីបន្តសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕