បាត់ដំបង:លោកអ៊ិច អ៊ំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមានការកើនឡើងនាឱកាសឆ្លងឆ្នាំសាកល ក្នុងឆ្នាំ ២០២៣នេះ បើប្រៀបធៀបនឹងឆ្នាំចាស់២០២២។
លោកបន្តថា យោងតាមរបាយការណ៍របស់មន្ទីរស្ថានភាព និងស្ថិតិភ្ញៀវទេសចរដែលបានមកកម្សាន្តក្នុង ពិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៤ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានដូចខាងក្រោម៖
ស្ថិតិភ្ញៀវទេសចរថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មាន៖
-ភ្ញៀវជាតិ មានចំនួន ២៦៣,៥៥០ នាក់ មានការកើនឡើង ៦៧.០២% បើធៀបឆ្នាំ២០២២ មានចំនួន ១៥៧,៧៩៥ នាក់។
-ភ្ញៀវអន្តរជាតិ មានចំនួន ៣២១ នាក់ មានការកើនឡើង ១.៩០% បើធៀបឆ្នាំ២០២២ មានចំនួន ៣១៥ នាក់។
-ភ្ញៀវទេសចរសរុប មានចំនួន២៦៣,៨៧១ នាក់ មានការកើនឡើង ៦៦,៨៩ % បើធៀបឆ្នាំ២០២២ មានចំនួន ១៥៨,១១០ នាក់ ។
លោកបានបញ្ជាក់ទៀតថា មូលហេតុដែលភ្ញៀវទេសចរមកលេងកម្សាន្តនៅក្នុងខេត្តបាត់ដំបងមានការកើនឡើងបែបនេះ ដោយសារប្រទេសមានសុខសន្តិភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មានការអភិវឌ្ឍបានរីកចម្រើននៅក្នុងទីរួមខេត្តក៏ដូចជាតាមបណ្ដាស្រុកដែលបានទាក់ទាញឱ្យភ្ញៀវទៅលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្ត។
លោកសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមថែរក្សាបរិស្ថាន ការវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវគឺជាកត្តាចាំបាច់សម្រាប់យើងទាំងអស់គ្នា។