ព័ត៌មានសន្តិសុខសង្គម

ករណីផ្ទុះគ្រាប់​ ក្នុងទីបញ្ជាការយោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺបណ្តាលឱ្យមានមនុស្សស្លាប់និងរងរបួសជាច្រើននាក់

 

កំពង់ស្ពឺ៖​ ករណីឆេះឃ្លាំងស្តុកគ្រាប់​ ក្នុងទីបញ្ជាការយោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺ​ សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានហេីយ​ ដោយសមត្ថកិច្ចជំនាញបានសម្រុកចូល​ ដើម្បីបាញ់ទឹកពន្លត់អគ្គិសភ័យដែលកំពុងតែឆាបឆេះ​ ហើយឈានទៅគ្រប់គ្រងស្ថានការណ៍ឱ្យមានលក្ខណៈប្រក្រតីឡើងវិញ។ នេះបើយោងតាម ពីមន្ត្រីសមត្ថកិច្ចនៅកន្លែងកើតហេតុ។

 

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅម៉ោងប្រមាណជា​ ៤:៤៤នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ស្នូរគ្រាប់ផ្ទុះបានកើតឡើងហើយក៏បានស្ងប់ស្ងាត់(លែងផ្ទុះ) ខណ:សមត្ថកិច្ចជំនាញមាន កម្លាំងអាវុធហត្ថ នគរបាល និងអង្គភាព
៧១១ ដែលត្រៀមបង្ការ បានសម្រុកចូលទៅចំណុចទីតាំងឃ្លាំងស្តុកគ្រាប់នោះ​ ដើម្បីធ្វើការបាញ់ទឹកសន្ធាប់ឱ្យភ្លើងរលត់។ ស្របពេលនោះដែរភ្លៀងក៏បានបង្អុរធ្លាក់ហាក់ជួយស្រោចស្រព​ និងបាញ់ពន្លត់ជាមួយសមត្ថកិច្ចផងដែរ ទេីបគ្រប់គ្រងស្ថានការណ៍បាន។

ទន្ទឹមនឹងការគ្រប់គ្រងសភាពការណ៍បាន ប្រភពក៏បានបង្ហើបដែរថា មានមន្ត្រីយោធាយ៉ាងតិច​ ២០នាក់​ បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍នោះ ខណៈដែលពួកគេកំពុងរៀបចំទុកដាក់គ្រាប់ដែលចល័តមកពីខេត្តកោះកុង និងប្រជាពលរដ្ឋជិតខាងជាច្រើននាក់​ រួមទាំងកុមារផងដែរ​ បានរងរបួសហើយកំពុងទទួលការសង្គ្រោះពីក្រុមគ្រូពេទ្យ។​ ចំនួនអ្នកស្លាប់នេះដែរ នឹងអាចមានការកើនឡើងបន្ថែមទៀត ខណៈដែលសមត្ថកិច្ចគ្រប់គ្រងសភាពការណ៍បានទាំងស្រុង និងស្រាវជ្រាវបន្ថែមពីអ្នកដែលស្ថិតនៅក្បែរកន្លែងកើតហេតុនោះ។

សូមបញ្ជាក់ថា ឃ្លាំងផ្ទុកគ្រាប់យុទ្ធភណ្ឌក្នុងទីបញ្ជាការយោធភូមិភាគទី៣ ស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​ បានរងការឆាបឆេះ ខណៈគ្រាប់ធុនធំមួយគ្រាប់បានផ្ទុះ​ និងគ្រាប់ធុនតូចជាច្រើនគ្រាប់ផ្សេងទៀតបានផ្ទុះបន្តបន្ទាប់ ដែលហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅម៉ោងប្រមាណជា​ ២:៣០នាទី រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤៕

 

kdn

Leave a Reply

Your email address will not be published.