ព័ត៌មានជាតិ

ភ្លៀងធ្លាក់មកជាបន្តបន្ទាប់នាំគ្នាដើរចាប់ ហុីង និងកូនតាឡនតនលក់យ៉ាងគគ្រឹកគគ្រេងពេញផ្សារ

ឧត្តរមានជ័យ:គេសង្កេតឃើញថា បន្ទាប់ពី អាកាសធាតុ ក្ដៅហួតហែងខកខានភ្លៀងអស់រយ:ពេលជាច្រើនខែកន្លងមកពុំដែលមានភ្លៀងសោះ ទើបតែថ្មីៗនេះ មេឃក៏ចាប់ផ្តើមមានភ្លៀងធ្លាក់កក់ខែជាអន្លើរ ស្រោចស្របមកលើ ភូមិសាស្ត្រ ខេត្តឧត្តរមានជ័យ ធ្វើឱ្យប្រជាពលរដ្ឋ ដើរចាប់ហុីង កូនកង្កែប  កូនកឺ កូនតាឡនតន ពីក្នុងស្រែ ត្រពាំង ព្រែក បឹងបួរ យកមកដាក់តាមកញ្ច្រែងល្អី ចានដែកលក់នៅផ្សារសំរោង ក្រុងសំរោង យ៉ាងព្រោងព្រាតខណ:នៅពេលដែលសត្វប្រភេទនេះឱ្យតែមានភ្លៀងធ្លាក់ដឹងតែសំបូរច្រើន ហើយ ស្របពេលហាងឆេងទីផ្សារលក់បានថ្លៃថែមទៀត។

ប្រជាពលរដ្ឋឈ្មោះចែ ម៉ាប់ មានវ័យ៥០ឆ្នាំរស់នៅក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យបានរៀបរាប់ប្រាប់ឱ្យដឹងនៅថ្ងៃទី២០ខែឧសភាឆ្នាំ២០២៤នេះថា កាលពីម្សិលមិញចន្លោះម៉ោង៥ជិត៦បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំប្រមាណជាជិត២ម៉ោងរួច ពួកគាត់បានដើរចាប់ហុីង កូនកឺ ខ្លះគេហៅកូនតាឡនតនយកមកលក់ នៅផ្សារសំរោងខណៈពេលដែល សត្វប្រភេទនេះ ពុំធ្លាប់មានច្រើនកន្លងមកដោយសារអាកាសធាតុក្តៅមេឃរាំងយូរខែ លុះពេលចាប់ផ្តើមភ្លៀង សត្វប្រភេទនេះក៏មានច្រើនហើយមួយវិញទៀតបងប្អូនបានយកមកពីគ្រប់ទិសទីដាក់លក់ពេញផ្សារតែម្តង។

បើយោងតាមការអះអាងប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា ការដែលគាត់ដើរចាប់ហុីង កូនកឺ កូនតាឡនតនយកទៅលក់នេះដែរ ដោយសារតែឃើញអ្នកភូមិគេដើរចាប់សឹងតែគ្រប់ផ្ទះ ឱ្យតែមានភ្លៀង ណាមួយពពួលសត្វអស់នឹងសម្បូរច្រើនពេក ឱ្យតែមានភ្លៀងហើយ យំ ពេញស្រែ ត្រពាំង បឹងបួរ ដូចនេះ ធ្វើឱ្យពួកគាត់ ដើររកបានច្រើនហើយ ទុកហូបមិនអស់ក៏យកមកលក់បន្តនៅទីផ្សារបន្ថែមទៀតពីព្រោះថា យកមកលក់នៅទីផ្សារវាបានតម្លៃ ថ្លៃរាងគ្រាន់បើដែរ ចំពោះសត្វហុីងជ័រក្នុង១គីឡូលក់បានតម្លៃ២មុឺនរៀល(២០,០០០រៀល) ដោយឡែកហុីងហ៊ងៗក្នុង១គី
ឡូក្រាមលក់បានតម្លៃ២៧,០០០រៀល(ពីរមុឺនប្រាំពីរពាន់រៀល)។

សូមជម្រាបផងដែរថា បើតាមការលើកឡើងពីបងប្អូនប្រជាកសិករដែលពួកគាត់ដើរចាប់សត្វហុីង កូនកឺយកមកលក់នៅផ្សារសំរោង ខេត្តឧត្តរមានជ័យ បាន បញ្ជាក់បន្ថែមថា ក្រោយពេលមេឃមានភ្លៀងរួចហើយ សត្វហុីងដែលសំបូរ ជាងគេ មានតែ២មុខប៉ុណ្ណោះ ទី១ហុីងជ័រ ហើយនឹងទី២ហុីងហ៊ង ដែលខ្មែរយើងនិយមយកទៅធ្វើជាមុខម្ហូបប្រឡាក់/អាំងក្លែម/ចៀន/ឆាក្តៅ/ឆាគ្រឿងមានឱជារសឆ្ងាញ់ពិសារជាមួយបាយ។

អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ប្រជាពលរដ្ឋជាង៨០%ធ្វើស្រែនិងធ្វើចម្ការ១០%និង១០%ទៀតប្រកបមុខរបរលក់ដូរផ្សេងៗចិញ្ចឹមជីវិត។ចំណែកប្រជាកសិករពួកគាត់បន្ទាប់ពីធ្លាក់ភ្លៀងចូលដល់រដូវវស្សាបន្ទាប់ពីធ្វើស្រែពួកគាត់ឆ្លៀតឱកាសរកមុខរបរផ្សេងៗទៀតដូចជារកសត្វនិងដើរចាប់កង្កែប ក្អាត់ គីង្គក់ សត្វតាឡនតនលក់ដើម្បីបង្កើនជីវភាពបានមួយកម្រិតទៀត។( ឈឿន ប៊ុនឈី)

kdn

Leave a Reply

Your email address will not be published.