ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអប់រំស្នើឱ្យបន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្តតួនាទី ភារកិច្ច ក្នុងការដឹកនាំបង្រៀន គ្រប់គ្រង ដើម្បីឱ្យការសិក្សារបស់សិស្សប្រកបដោយគុណភាពនិងប្រសិទ្ធភាព

 

ខេត្តឧត្ដរមានជ័យ:ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានស្នើឱ្យមន្ត្រីអប់រំទាំងអស់ បន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្តតួនាទី ភារកិច្ច ក្នុងការដឹកនាំបណ្តុះបណ្តាល គ្រប់គ្រង បង្រៀន ដើម្បីឱ្យការសិក្សារបស់សិស្សប្រកបដោយគុណភាពនិងប្រសិទ្ធភាព ជាពិសេសដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យរីកចម្រើននិងបន្តជួយឧបត្ថម្ភគាំទ្រដល់ ការកសាងធនធានមនុស្ស សម្រាប់បំពេញ តម្រូវការ និងភាពឆ្លើយតបទាំងពេលបច្ចុប្បន្ននិងទៅអនាគតផងដែរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណដល់មន្ត្រី អប់រំ សាស្ត្រចារ្យ គ្រូបង្រៀនគ្រប់កម្រិតសិក្សា ទាំងអស់ ដែលបានខិតខំបំពេញការងារប្រកបដោយមនសិការជាតិនិងការទទួល
ខុសត្រូវខ្ពស់ ក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស និងអភិវឌ្ឍវិស័យអប់រំកម្ពុជា។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងបែបនេះនៅក្នុងពីធីអញ្ជើញជាគណ:អធិបតីបំពាក់គ្រឿងឥស្សរយសដល់មន្រ្តីមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្ដរមានជ័យ ដើម្បីលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូដែលមានស្នាដៃល្អក្នុងការបំពេញការងារបង្រៀនអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីដើម្បីលើកកម្ពស់វិស័យអប់រំប្រកបដោយជោគជ័យ កាលពីព្រឹកថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៤។

 

ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ  បានបញ្ជាក់ថា នៅក្នុងទូទាំងខេត្តមានសាលាសរុបចំនួន ២៦០ទីតាំង (ផ្នែក មត្តេយ្យ-បឋមចំនួន ២២១ទីតាំង, អនុវិទ្យាល័យចំនួន ៣០ទីតាំង និងវិទ្យាល័យចំនួន ៩ទីតាំង មានអាគារ សិក្សាសរុបចំនួន ៤២៧ខ្នង ស្មើនឹង ២.០៤៨បន្ទប់ ក្នុងនោះអាគារជាអំណោយ សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៩៤ខ្នង ស្មើនឹង ៧៦៥បន្ទប់ និងអាគារជាអំណោយ សម្តេច ក្រឡាហោម ស ខេង និងលោកជំទាវ ចំនួន ០២ខ្នង ស្មើនឹង ១០បន្ទប់ ដោយមានបុគ្គលិកអប់រំទូទាំងខេត្ត ចំនួន ២.១៧០នាក់ ក្នុងនោះស្រី ៩៥១នាក់ (បានផ្ទេរមុខងារទៅរដ្ឋបាលក្រុង-ស្រុកចំនួន ១.៤៤៦ ក្នុងនោះ ស្រី ៦៩៧នាក់) មានសិស្សសរុបចំនួន ៥៨.៥១៩នាក់ ក្នុងនោះស្រី ២៩.១៤៤នាក់ផងដែរ។( ដោយឈឿន ប៊ុនឈី )

kdn

Leave a Reply

Your email address will not be published.