បាត់ដំបង÷ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់និង០៣នាក់រងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងនៅវេលាម៉ោង10:25នាទីយប់ថ្ងៃទី21 ខែកក្កដាឆ្នាំ2024នេះ ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបង្កឡើងរវាងរថយន្តពោងដឹកស៊ីម៉ង់ត៍ចេញពីររោងចក្រ ដាច់កង់ជ្រុលទៅបុកជាមួយរថយន្តម៉ាកនីសាន់ដឹកបន្លែបណ្តាលឱ្យតៃកុងឡានម៉ាកនីសាន់គៀបជាប់នឹងរថយន្តស្លាប់នៅកន្លែងកើតហេតុ។
រីឯអ្នករួមដំណើរមានប្រពន្ធនឹងកូនជនរងគ្រោះរងរបួសធ្ងន់ស្រាលចំនួនបីនាក់ខណៈអ្នកបើករថយន្តពោងដឹកស៊ីម៉ង់ត៍ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ស្ថិតនៅលើ ផ្លូវជាតិលេខ៥៧ស្ថិតនៅភូមិរំជ័យឃុំស្នឹងស្រុកបាណន់ខេត្តបាត់ដំបង។
បច្ចុប្បន្នជនរងគ្រោះជាប្រពន្ធនិងកូនត្រូវបានរថយន្តសង្គ្រោះបន្ទាន់បញ្ជូនទៅមន្ទីរពេទ្យចំណែកឯអ្នកស្លាប់ត្រូវជាប្តីជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕(ដោយថេង ដារ៉ា)