ព័ត៌មានសន្តិសុខសង្គម

សត្វដំរីព្រៃ១ក្បាល ត្រូវបានអ្នកភូមិប្រទះឃើញងាប់ ក្នុងរណ្ដៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា

 

មណ្ឌលគិរី៖ សត្វដំរីព្រៃ ឬដំរីអាស៊ីឈ្មោល ១ក្បាល អាយុប្រហែល៣០ឆ្នាំ និងមានទម្ងន់ប្រមាណ ៣តោន ត្រូវបានអ្នកភូមិប្រទះឃើញងាប់នៅក្នុងរណ្ដៅគ្រាប់បែក ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាមមួយកន្លែង ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃកែវសីមា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤។

 

លោក ឌិន ប៊ុនធឿន ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា មន្ត្រីជំនាញ បានសហការជាមួយមន្ត្រីអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) និងអាជ្ញាធរមូលដ្ឋាន ក្នុងការអន្តរាគមន៍ស្រង់ដំរីព្រៃពីរណ្តៅដីរួចហើយនៅល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ដើម្បីធ្វើកោសលវិច័យពីមន្ត្រីជំនាញពេទ្យសត្វ នៃការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី និងពីមន្ត្រីជំនាញនៃការិយាល័យសង្គ្រោះនិងព្យាបាល សត្វព្រៃនៃឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ។

ក្រុមការងារជំនាញនៅលើទីតាំង បានសន្និដ្ឋានជំហានដំបូងថា ដំរីព្រៃមួយក្បាលនេះ ប្រហែលជាប់ផុងមួយរយៈពេលមុននឹងងាប់ ក្នុងរយៈពេល១ថ្ងៃទៅ២ថ្ងៃ មុនពេលអ្នកស្រុកបានប្រទះឃើញ និងបានរាយការណ៍មកមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។ តាមការពិនិត្យដោយផ្ទាល់ សាកសពដំរីមានស្នាមរបួសជើងមុខ ហើយជាដំរីមួយក្នុងចំណោមហ្វូងរបស់វាមានចំនួនពី ១០ទៅ២០ក្បាល ធ្លាប់បានបង្ហាញខ្លួននៅតំបន់នេះម្តងមកហើយ កាលពីខែមេសាកន្លងទៅ។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានសំដែងការសោកស្តាយយ៉ាងខ្លាំង និងចាត់ទុកការងាប់ដំរី១ក្បាលនេះថា ជាការបាត់បង់ធនធានធម្មជាតិដ៏មានសារៈសំខាន់។ ហ្វូងដំរីព្រៃឬដំរីអាស៊ី នៅតាមតំបន់ការពារធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី បានបង្ហាញខ្លួនញឹកញាប់ និងមានចំនួនច្រើនជាងបណ្តាឆ្នាំកន្លងទៅ ដែលបង្ហាញពីលទ្ធផលបញ្ជាក់ថា ពួកវារស់នៅសុខសាន្ត និងបង្កើតកូនចៅជាបន្តបន្ទាប់ ហើយអាចបញ្ជាក់បានថា ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ធានាបាននូវប្រព័ន្ធអេកូឡូស៊ីបរិស្ថាន បានល្អប្រសើរ នៅតាមប្រព័ន្ធការពារធម្មជាតិ។

យោងតាមការសិក្សា DNA លើចំនួនសត្វដំរីព្រៃ របស់មន្ត្រីជំនាញ ក្រសួងបរិស្ថាន សហការជាមួយដៃគូនាពេលកន្លងមក ដំរីអាស៊ីមានចំនួនប្រមាណ ៣៥០ក្បាល កំពុងរស់នៅ ក្នុងតំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។ ចំណែកនៅទូទាំងប្រទេសកម្ពុជា ដំរីអាស៊ីមានប្រមាណពី ៤០០ទៅ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សម្បូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផល ដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។

សូមបញ្ជាក់ថា ដំរីព្រៃ ឬដំរីអាស៊ី ជាប្រភេទសត្វដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វងាយរងគ្រោះ ជិតផុតពូជនៅលើសកលលោក។ ដំរីនៅអាស៊ី មានប្រមាណពី ៤ម៉ឺនទៅ ៥ម៉ឺនក្បាល ដែលកំពុងរស់នៅក្នុងព្រៃសព្វថ្ងៃ ក្នុងនោះប្រហែល ៧៥ភាគរយ រស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា៕

 

kdn

Leave a Reply

Your email address will not be published.