ខេត្តប៉ៃលិន ៖ នៅបរិវេណសាលាស្រុកសាលាក្រៅនាល្ងាចដើមខែមករា ឆ្នាំ២០២៥ លោកហុក សុផល អភិបាលរងខេត្តប៉ៃលិន បានដឹកនាំក្រុមការងារជំនាញ សហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានចុះធ្វើតេស្តទឹកនោមរកសារធាតុញៀនលើមន្ត្រីរាជការនៅទូទាំងស្រុកសាលាក្រៅ។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថាការចុះធ្វើតេស្តនេះគឺ ដើម្បីរកសារធាតុញៀនទៅលើមន្រ្តីរាជការ ក៏ដូចជា ចូលរួមលើកកម្ពស់ ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និង អភិបាលកិច្ចល្អ នៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល។
លោកបានបន្តលើកឡើងថា បច្ចុប្បន្ននេះរដ្ឋបាលខេត្តប៉ៃលិន កំពុងបន្តអនុវត្តច្បាប់យ៉ាងមុឺងម៉ាត់ ចំពោះមន្ត្រីជាប់ពាក់ព័ន្ធ និងការប្រើប្រាស់គ្រឿងញៀននោះនឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែងឡើយ។
ក្នុងឱកាសនោះដែរលោកអភិបាលរងខេត្ត បានជំរុញដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវពង្រឹងនូវការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន តាមរយៈ វិធានការអប់រំរដ្ឋបាល និងវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីឱ្យសហគមន៍ របស់យើងគ្មានគ្រឿងញៀន និងកសាងសុភមង្គល ជូនគ្រួសារ និងសហគមន៍៕ ដោយ ៖ នាក់ ង៉យ