ព័ត៌មានជាតិ

បេនចំណតរថយន្តផ្សារថ្មីបាត់ដំបង ក្លាយជាសំណង់ផ្ទះល្វែង អ្នករត់តាក់ស៊ីធ្លាប់ចត ចតលើផ្លូវសាធារណៈ

 

បាត់ដំបងៈអ្នកប្រកបមុខរបររត់តាក់ស៊ីមកពីស្រុកមួយចំនួននៅប៉ែកខាងកើតទីរួមខេត្តបាត់ដំបងបានលើកឡើងថាពួកគាត់ដែលកន្លងមកតែងតែដឹកម៉ូយ(ភ្ញៀវ)មកឈប់ចតនៅបេនចំណតផ្សារថ្មីបាត់ដំបងពេលនេះលែងមានកន្លែងបេនចំណតឈប់ចតឡានម៉ូតូទំលាក់ទំនិញអីវ៉ែអីវ៉ាន់ដូចពីមុនទៀតឡើយដោយសារគេយកទីកន្លែងបេនចំណតផ្សារថ្មីនេះធ្វើជាផ្ទះល្វែងអស់ហើយ។


អ្នករត់តាក់ស៊ីទាំងនោះបានបន្តទៀតថា បច្ចុប្បន្នមិនដឹងរកកន្លែងឯណាសម្រាប់ឈប់ចតរថយន្តចាប់ម៉ូយបន្តទៀតទេមានតែចតលើផ្លូវសាធារណៈអែបជុំវិញផ្សារថ្មីនេះ ដើម្បីទម្លាក់ម៉ូយនិងទំនិញតែងបង្កការស្ទះចរាចរម្តងម្កាលបើមិនឲ្យចតតាមផ្លូវមានកន្លែងឯណាចត។ពួកគាត់បន្តថា រថយន្តដឹកម៉ូយនិងទំនិញដែលចូលចតនៅចំណតផ្សារថ្មីបាត់ដំបងភាគច្រើនមកពីស្រុកមោងឬស្សី គាស់ក្រឡ ស្តុកប្រវឹក ភ្នំធិបតី ជាដើម។


ពួកគាត់បន្តថា មិនគួរអាជ្ញាធរខេត្តយកបេនចំណតផ្សារថ្មីបាត់ដំបងសម្រាប់ឈប់ចតឡាន ម៉ូតូគ្រប់ប្រភេទដែលប្រជាពលរដ្ឋឈប់ចតដើម្បីចូលផ្សារ ជាបេនចំណតរបស់ផ្សារទៅធ្វើជាផ្ទះល្វែងនោះទេ តើអនាគតទៅមានបេនចំណតឯណាដើម្បីឈប់ចត គួរតែអាជ្ញាធរខេត្តរៀបចំបេនចំណតផ្សារថ្មីនេះឲ្យបានត្រឺមត្រូវជៀសវាងរថយន្តគ្រប់ប្រភេទចតលើផ្លូវសាធារណៈប្រសេកប្រសាចគ្មានសណ្តាប់របៀបរៀបរយ ដូចពេលនេះទេ។


ទាក់ទងនិងការរិះគន់លើកឡើងខាងលើនេះលោក ផេង សុទ្ធី អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបងបានឲ្យដឹងថា រឿងបេនចំណតផ្សារថ្មីបាត់ដំបងនេះលោកមិនទាន់បានដឹងច្បាស់ទេ ព្រោះផ្សារវាមានដីកម្មសិទ្ធឯកជនរបស់គេ។

ផ្សាររបស់រដ្ឋមែនតែវាមានលក្ខខណ្ឌដំបូងជួនកាលគេឲ្យដីឯកជនរបស់គេខ្ចីធ្វើជាបេនចំណតសិនពេលគេត្រូវការគេយកដីនោះវិញធ្វើជាផ្ទះល្វែង ប៉ុន្តែចាំលោកពិនិត្យមើលឯកសារសិនព្រោះលោកមិនទាន់ច្បាស់លាស់ដែរ។
លោកលាញ់ នី ដែលទទួលបានសិទ្ធវិនិយោគដេញបានផាស៊ីផ្សារថ្មីបាត់ដំបងបានឲ្យដឹងថា រឿងបេនចំណតផ្សារថ្មីបាត់ដំបងនេះលោកមិនបានដឹងទេ។កន្លងមកមានបេនចំណតមែនតែរដ្ឋត្រូវការដកយកវិញដោះដូរនិងដីត្រូវធ្វើសាលាឧទ្ធរណ៏បាត់ដំបង ហើយបេនចំណតឡានតូចនេះលោកមិនបានវិនិយោគទេលោកវិនិយោគតែបេនចំណតឡានធំ បើចង់ដឹងច្បាស់ទៅសួរខាងសាលាខេត្តបាត់ដំបង។


ជុំវិញបញ្ហាបេនចំណតផ្សារថ្មីបាត់ដំបងនេះដែរ គេហទំព័រកម្ពុជារាល់ថ្ងៃបានព្យាយាមជួបឯកឧត្តមងួន រតនៈអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងលោកបានឆ្លើយតបតាមតេលេក្រាមវិញថា (សម្លេង…)។


លោកស៊ឿម ប៊ុនរិទ្ធ អភិបាលនៃគណៈអភិបាលរងខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តបាត់ដំបងបានឲ្យដឹងថា ដីបេនចំណតផ្សារថ្មីបាត់ដំបងនេះជាដីឯកជនរបស់រដ្ឋ រដ្ឋមានដីទំហំប៉ុនណឹងបានធ្វើឯកជនភាវូបនីយកម្ម រកដៃគូរអ្នកមានផ្ទៃដីធំ ដើម្បីដោះដូរដោយរដ្ឋត្រូវការយកដីនោះធ្វើជាសាលាឧទ្ធរណ៏តំបន់មិនអាចមានដីណាក្រៅពីដីនេះ ហើយដីនៅក្បែរផ្សារនោះមិនអាចធ្វើជាកន្លែងរដ្ឋបាលបានទេទើបរដ្ឋដោះដូរដោយយកដីតូចដូរនិងដីធំជាច្រើនកន្លែងពីឯកជន។


លោកបន្តថា ចំណែកបេនចំណតរថយន្តតូចផ្សារថ្មីបាត់ដំបងអាជ្ញាធរខេត្តបានរៀបចំឲ្យចូលទៅចតប្រមូលផ្តុំនៅបេនចំណតផ្សារទំនើបភូពុយឯណោះតែពួកគាត់ចតនោះគ្រាន់តែចាប់ម៉ូយបន្តិចបន្តួចប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា បេនចំណតរថយន្ត ផ្សារថ្មីបាត់ដំបងហៅ(ផ្សា១៣មករា)មានទីតាំងឋិតក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបងបានសាងសង់ថ្មីឡើងក្នុងកំឡុងទស្សវត្តន៏ឆ្នាំ១៩៨០។

 

kdn

Leave a Reply

Your email address will not be published.