ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានបង្ហាញថា១) លទ្ធផលនៃការនាំចេញអង្ករ ដែលបានឆ្លងកាត់ការត្រួតពិនិត្យ ភូតគាមអនាម័យ ក្នុងរយៈពេល ១១ខែ នៅឆ្នាំ២០២០ សម្រេចបាន ៦០១ ០៤៥ តោន ដែលក្នុងនេះមាន៖ អង្ករក្រអូប គ្រប់ប្រភេទ មានចំនួន ៤៨១,១២៣ តោន, អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន ១១៣, ៧០៣ តោន និងអង្ករចំហ៊ុយ មានចំនួន ៦,១៥១ តោន។
ការនាំចេញអង្កររយៈ១១ខែ នៅឆ្នាំ២០២០នេះ គឺមានការកើនឡើងប្រមាណ ៨៦, ៨៩៦ តោន ស្មើនឹង +១៦,៩០% ដែលធៀបទៅនឹងរយៈពេល១១ខែ នៅឆ្នាំ២០១៩ មានតែចំនួន ៥១៤, ១៤៩ តោន ប៉ុណ្ណោះ ។
ដោយឡែក សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២០ នេះសម្រេចការនាំចេញអង្ករបានចំនួន ៦៤, ៧៤០ តោន មានការកើនឡើងចំនួន ៨, ៥៣១ តោន ស្មើនឹង ១៥,១៨% ធៀបទៅនឹងបរិមាណនាំចេញនៅខែវិឆ្ឆិកា ឆ្នាំ២០១៩ ។
ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ១១ខែកន្លងទៅនេះ មានចំនួន ៦០ ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន(រួមទាំង កោះហុងកុង, ម៉ាក់កាវ និងតៃវ៉ាន់), ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វីបដ៏ទៃទៀតចំនួន ២៩ ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ១០ ក្នុងចំណោម ៧២ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។
សូមបញ្ជាក់ថា៖ ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ១១ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់ ដោយឡែកប្រទេសចិនឈរនៅលំដាប់ទី១៖ ១) ប្រទេសចិនមានបរិមាណសរុបចំនួន ២៣៤, ៩៤០ តោន ស្មើនឹង៣៩,០៩%, ២) ការនាំចេញទៅសហភាពអ៊ឺរ៉ុបមានចំនួន ២៤ ប្រទេស មានបរិមាណសរុបចំនួន ១៨៨, ៤៣៦ ស្មើនឹង ៣១,៣៥%, ៣) បណ្តាប្រទេសសមាជិកអាស៊ានមានបរិមាណសរុបចំនួន ៧៨, ២០៨ តោន ស្មើនឹង ១៣,០១%, និង ៤) គោលដៅដ៏ទៃទៀត ចំនួន២៩ ប្រទេស មានបរិមាណសរុបចំនួន ៩៩,៤៦១ តោន ស្មើនឹង ១៦,៥៥% ។
ខ) ការនាំចេញស្រូវនៅតាមបណ្តាច្រកនៃខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម មកទល់ថ្ងៃទី ៣០ ខែវិឆ្ឆិកា ឆ្នាំ២០២០ មានបរិមាណសរុបចំនួន ១, ៧៧៧, ១០៧ តោន ។ បរិមាណនាំចេញសម្រាប់មួយថ្ងៃ នៅថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០២០ នេះ មានចំនួន២៦, ៦១៩តោន៕