ខេត្តប៉ៃលិន ៖ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងនគរបាលអធិការស្រុកសាលាក្រៅ ចាប់ឃាត់ខ្លួន បន្ទាប់ពីមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋជាមេការ អគារកាស៊ីណូម្នាក់ដាក់ពាក្យប្តឹង ខណៈពេលបាត់ដែកនៅក្នុងការដ្ឋាន លុះក្រោយពេលស៊ើបអង្កេតដឹង ក៍ដាក់ពាក្យឱ្យនគរបាលឃាត់ខ្លួនទាំងពីរនាក់តែម្តង ។
ហេតុការណ៍ចាប់ឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង៨ និង០០នាទីយប់ថ្ងៃពុធ ០២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចអាគារកាស៊ីណូចិន ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តបៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ជនសង្ស័យទី១- មាន ឈ្មោះ ថា ភាព ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី២. ឈ្មោះ ស្រី សុខ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទាំងពីរនាក់ស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុគេឃើញជនសង្ស័យខាងលើ បានធ្វើសកម្មភាពចូលទៅលួចយកដែកប្រភេទ (សរសៃ) ចំនួន៣០ដើម និងដែកកញ្ច្រែងសម្រាប់ចាក់បេតុងចំនួន០១បន្ទះ ដើម្បីទុកលក់អេតចាយ ។ លុះមេជាងសង្កេតឃើញថាមានការបាត់ដែក ក៍ប្តឹងនគរបាលឱ្យតាមដាន និងចាប់ឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ។ ចំណែកជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំនុំរឿងបញ្ជូនទៅលើឱ្យចាត់ការតាមនីតិវិធី។