ព័ត៌មានជាតិ

ត្រីបបែលយក្សមានមាឌធំបំផុតចំនួនពីរ ដែលមានប្រវែងប្រហែល ៤ម៉ែត្រ

 លោកបណ្ឌិត Zeb Hogan បានរម្លឹកផងដែរថា កាលពីពេលលោកមកកម្ពុជាកន្លងមក និងបានធ្វើដំណើរជាមួយ លោក ថាច់ ផាណារ៉ា ដែលជាប្រធានមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប នៃរដ្ឋបាលជលផល និងជាបុរសឆ្នើមក្នុងការងារអភិរក្សទន្លេមេគង្គ ជាច្រើនដង ដើម្បីចុះសិក្សា ស្រាវជ្រាវ អំពីត្រីបបែលយក្សនេះ ហើយក៏បានប្រទះឃើញ ត្រីបបែលយក្សដែលមានមាឌធំបំផុតចំនួនពីរ ដែលមានប្រវែងប្រហែល ៤ម៉ែត្រដូចគ្នា ហើយត្រូវគេនេសាទបាននៅខេត្តព្រៃវែង និងមួយទៀតនៅខេត្តក្រចេះ។ លោកបណ្ឌិត និងមន្ត្រីជំនាញនៃរដ្ឋបាលជលផល ក៏បានសហការជាមួយអ្នកនេសាទដែលនេសាទបាទត្រីបបែលយក្សទាំងពីរនោះ ដោះលែងទៅក្នុងទន្លេវិញផងដែរ។

ជាចុងក្រោយ លោកបណ្ឌិត Zeb Hogan បានផ្តល់ការណែនាំខ្លះៗផងដែរ ដើម្បីរក្សាផលស្តុកត្រីបបែល នៅតាមទន្លេមេគង្គនៅកម្ពុជា គឺសូមចៀសវៀងការទិញប្រភេទត្រីបបែលនេះ យកមកបរិភោគ ព្រោះលោកជឿជាក់ថា ការមិនទិញត្រីបបែលយក្សមកបរិភោគ គឺមិនប៉ះពាល់ដល់ជីវភាពអ្នកនេសាទនោះទេ ហើយក៏ជាវិធានការមួយដើម្បីចូលរួមការពារ និងអភិរក្សប្រភេទត្រីដែលកំពុងរងការគំរាមកំហែងនេះផងដែរ។ លោកក៏បានស្នើឱ្យមានតំបន់ដែលគ្មានការនេសាទ បន្ថែមទៀត ដើម្បីអាចជួយការពារប្រភេទត្រីដែលជិតផុតពូជ ជាពិសេសត្រីធំៗ ដូចជាបបែលយក្សនេះជាដើម ដូចជានៅតំបន់កាំពី ក្នុងខេត្តក្រចេះ ដែលត្រូវបានបង្កើតឡើង ដើម្បីការពារផ្សោតទឹកសាប ហើយក៏អាចជួយការពារបបែលយក្សផងដែរ។ ដោយសារត្រីបបែលជាប្រភេទដែលចូលចិត្តទឹកដែលមានគុណភាពល្អ លោកស្នើឱ្យត្រួតពិនិត្យ និងកំណត់ការបំពុលបរិស្ថានចូលក្នុងទន្លេ តាមរយៈការអនុវត្តរបស់អាជ្ញាធរដែនដី ដោយមិនអនុញ្ញាតឱ្យរោងចក្រ ឬឧស្សាហកម្មផ្សេងទៀតបញ្ចេញជាតិពុល ឬសារធាតុគីមីដែលបង្កគ្រោះថ្នាក់ចូលក្នុងទន្លេ ការធ្វើដូចនេះក៏ផ្តល់អត្ថប្រយោជន៍ដល់សុខភាពមនុស្សនៅតំបន់ជុំវិញផងដែរ។ លោកក៏បានសំណូមពរឱ្យរក្សាចរន្តទឹកទន្លេមេគង្គភ្ជាប់ និងហូរដោយសេរី ដោយលោកគិតថាទន្លេមេគង្គកម្ពុជា នៅតែជាទន្លេដែលមានទឹកហូរសេរី និងមានគុណភាពទឹកនៅល្អ ដែលជាហេតុធ្វើឱ្យវត្តមានរបស់ត្រីបបែលយក្សនៅបន្តមាន ហើយចំពោះការស្ថាបនាទំនប់វារីអគ្គិសនី និងការផ្លាស់ប្តូរផ្សេងៗ នៅតាមដងទន្លេមេគង្គ គួរតែត្រូវបានធ្វើឡើងដោយការប្រុងប្រយ័ត្នបំផុត ព្រោះថាអាចជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ផលស្តុករបស់ត្រី និងប្រភេទត្រីធំៗ ហើយកម្រផងដែរ។

លោកបានសង្កត់ធ្ងន់ និងជឿជាក់ថា ៖ “តាមរយៈការធ្វើសកម្មភាពខាងលើនេះបាន នោះប្រទេសកម្ពុជា នឹងបន្តក្លាយជាកន្លែងរស់នៅដ៏សុខសាន្តបំផុតនៅលើពិភពលោក របស់ត្រីបបែលយក្ស និងប្រភេទត្រីកម្រដទៃទៀត”។

ត្រីបបែល ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN (International Union for Conservation of Nature) ជាប្រភេទសត្វកំពុងរងការគំរាមកំហែង៕

ដោយ៖ ផែន រតនៈ

kdn

Leave a Reply

Your email address will not be published.