ព័ត៌មានជាតិ

ពលរដ្ឋរស់នៅ ស្រុកសំបូរ ខេត្តក្រចេះ បោះបង់មុខរបរបាញ់សត្វព្រៃ និងកាប់ឈើ

ក្រចេះ៖ ប្រជាពលរដ្ឋនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ពោលគឺនៅជិតទីតាំងក្រុមហ៊ុនដាំឈើ ស៊ីង បាយអូថេក ដែលជាតំបន់ដាច់ស្រយាលមួយ បានរស់ពឹងលើរបរកាប់ឈើ បាញ់សត្វ រកត្រី និងធ្វើស្រែជាដើម ដើម្បីទ្រទ្រង់ជីវភាព។របរទាំងនេះ មិនអាចឱ្យពួកគេរកចំណូលបានទៀងទាត់នោះឡើយ។ នៅពេលក្រុមហ៊ុន ស៊ីង បាយអូថេក ចូលទៅដាំដុះឈើ បានផ្តល់ការងារជាច្រើនកន្លែងជូនដល់ប្រជាពលរដ្ឋ ហើយក៏បានធ្វើឱ្យជីវភាពរបស់ពួកគេ បានប្រសើរផងដែរ។
អ្នកស្រី ហួន ធីតា រស់នៅក្នុងភូមិបឹងចារ ឃុំអាចើន ស្រុកសំបូរ ខេត្តក្រចេះ ដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុន ស៊ីងបាយអូថេក បានបញ្ជាក់ថា អ្នកស្រីបានធ្វើការនៅក្នុងក្រុមហ៊ុននេះជាយូរឆ្នាំមកហើយពោល គឺចាប់ពីម្ចាស់ក្រុមហ៊ុនពីមុនមក ហើយបច្ចុប្បន្ននេះ គាត់ធ្វើការនៅក្នុងផ្នែកច្រកកូនឈើចូលថង់ ដោយក្នុង១ថ្ងៃ អាចរកចំណូលបានចន្លោះពី៤ទៅ ៥ម៉ឺនរៀល។គួរបញ្ជាក់ថា ការវិនិយោគដាំដុះឈើរបស់ក្រុមហ៊ុន ស៊ីង បាយ អូថេក មិនត្រឹមតែបានរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធនានានោះទេ តែការវិនិយោគនេះ បានជួយឱ្យប្រជាពលរដ្ឋទាំងនៅតំបន់វិនិយោគដាំដុះឈើ ក្នុងខេត្តក្រចេះ និងប្រជាពលរដ្ឋនៅទីតាំងរោងចក្រកែច្នៃក្នុងខេត្តកំពង់ចាម និងខេត្តកណ្តាល ទទួលបានការងារ និងរកបានកម្រៃសម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគេផងដែរ។


មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានថ្លែងថា ការវិនិយោគលើចម្ការឈើដាំ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងចូលរួមពង្រឹងការអភិរក្សធនធានធម្មជាតិ ដែលកម្ពុជាមាននាពេលបច្ចុប្បន្ន និងអាចលក់តួនាទីរបស់ព្រៃឈើ ក្នុងក្របខណ្ឌឥណទានកាបូន។លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ ៤៦,៨៦% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។


លោករដ្ឋលេខាធិការ បានបញ្ជាក់ថា អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង តំបន់ការពារធម្មជាតិបានល្អប្រសើរ យើងបានលក់ឥណទានកាបូន នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា, ដែនជម្រកសត្វព្រៃព្រៃឡង់ (ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង) ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត ដោយទទួលបានថវិកាសរុប ១១,៦លានដុល្លារ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ សម្រាប់ទ្រទ្រង់ដល់ការការពារនិងអភិរក្ស ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព៕

 

kdn

Leave a Reply

Your email address will not be published.