ព័ត៌មានជាតិ

លោកជំទាវអភិបាលខេត្ត ចុះសួរសុខទុក្ខលោកតាលោកយាយ និងបើកប្រាក់មូលនិធិប្រចាំខែ


ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រួមនឹងក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹង នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងបើកប្រាក់ឧបត្ថម្ភប្រចាំខែមីនា ឆ្នាំ២០២១ ក៍មានជូនអាវរងា១ និងមី១កេះ ដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនដល់លោកយាយ លោកតា ដែលទទួលបានមូលនិធិចំនួន៨៤នាក់ ក្នុងម្នាក់ៗ ១០០.០០០រៀល (មួយសែនរៀលគត់)។


ក្នុងឱកាសសួរសុខទុក្ខនោះដែរ លោកជំទាវ បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះលោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងអស់ ដោយសម្តេច តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នៅគ្រប់កាល:ទេស: គ្រប់ស្ថានភាព ។ ទោះបីរស់នៅទីណាក៏ដោយ ទាំងក្នុងស្រុក និងក្រៅស្រុក គឺសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ក៏ជាសុខទុក្ខរបស់សម្តេចផងដែរ ។ ជាក់ស្តែងនៅក្នុងឱកាសនេះដែរ សម្តេចបានឧបត្ថម្ភជាអាវរងា១ និងមី១កេះបន្ថែម ។ ដោយឡែកចំពោះលោកយាយ លោកតា ដែលមានជំងឺមកទទួលមូលនិធិមិនរួច លោកជំទាវ បានចាត់ក្រុមការងារឱ្យយកទៅជូនដល់ផ្ទះតែម្តង ។
លោកជំទាវអភិបាលខេត្ត ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិនទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវលាងដៃអោយបានញឹកញាប់នឹងសាប៊ូ ទឹកអាល់កុលឬជែល ពាក់ម៉ាស់ជាប្រចាំ រក្សាគម្លាតពីគ្នា យ៉ាងតិច១ម៉ែត្រកន្លះ នេះជាវិធីដ៏សំខាន់បំផុតក្នុង ការទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ នាពេលនេះ ។
សូមបញ្ជាក់ថា មូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ខេត្តប៉ៃលិន បានរៀបចំឡើងចាប់តាំងពីឆ្នាំ២០១១មកម្លេះ និងបានដំណើរការមកដល់បច្ចុប្បន្ន នេះដោយទទួលបានការឧបត្ថម្ភគាំទ្រថវិកាទាំងស្រុងពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន និងលោកជំទាវអភិបាលខេត្តប៉ៃលិន ដោយបើកប្រាក់ឧបត្ថម្ភជាប្រចាំខែ នៅរៀងរាល់ថ្ងៃទី៥ នៃខែនីមួយៗ ជូនដល់លោកយាយ លោកតា ចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ដោយមិនប្រកាន់និន្នាការនយោបាយ និងសាសនាអ្វីនោះឡើយ ៕ ដោយ ៖ នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.