ព័ត៌មានជាតិ

ទឹកស្ទឹង ភ្នំដំបងឡើងខ្លាំង បានទាក់ទាញភ្ញៀវទេសចរណ៍ ខណៈមេឃភ្លៀងធ្លាក់រាល់ថ្ងៃ

ខេត្តប៉ៃលិន ៖ដោយសាររដូវនេះជារដូវវស្សាមេឃបានធ្លាក់ភ្លៀងជារៀងរាល់ថ្ងៃ ធ្វើឲ្យទឹកស្ទឹងភ្នំដំបង បានហក់ឡើងខ្លាំងជាងមុន ដែលអាចនឹងទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យចូលទៅលេងកំសាន្តនៅតាមកញ្ចុះ ក្នុងអាហារដ្ឋានក្បែរៗ មាត់ស្ទឹងនេះផងដែរ ស្ថិតនៅក្នុងភូមិក្រចាប់ សង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។


ប្រភពព័ត៌មាន ពីបុរសម្នាក់ ឈ្មោះ ទៀង សែន ជាម្ចាស់អាហារដ្ឋានធម្មជាតិគល់ស្ពានដំបង បានរៀបរាប់ឱ្យដឹងថា នៅរដូវវស្សានេះ មានភ្លៀងធ្លាក់ច្រើនជាងឆ្នាំមុនៗ ចាប់ពីថ្ងៃទី៥សីហា រហូតមកដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះមេឃនៅតែបន្តធ្លាក់ភ្លៀង ជាហេតុធ្វើឱ្យទឹកស្ទឹងដែលហូរធ្លាក់មកពីប្រទេសថៃ ឡើងខ្លាំងបន្តិច ហើយក៏ទាក់ទាញឱ្យភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរ ឆ្លងកាត់ក្រុងប៉ៃលិន ទៅលេងឯស្រុកសំឡូត ខេត្តបាត់ដំបង នាំគ្នាចូលហូបអាហារ និងអង្គុយគយគន់មើលទឹកស្ទឹងនាពេលចុងសប្តាហ៏ផងដែរ។


ប្រភពបន្តទៀតថា ការលក់ដូរក៏មានការកាក់កបជារៀងរាល់ថ្ងៃ ខណៈពេលខ្លះ មានភ្ញៀវច្រើន ពេលខ្លះ មានតិចតួច មិនសូវដាច់ម៉ូយនោះទេ។គឺភាគច្រើនភ្ញៀវដើរលេងកំសាន្ត ជាលក្ខណ:គ្រួសារ ចូលទៅកុម្មង់ម្ហូបអាហារនៅក្នុងហាង ទទួលទាន រួចនាំគ្នាអង្គុយលេងលំហែកាយ តាំងពីថ្ងៃ រហូតដល់ពេលល្ងាច ទើបនាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ។


ចំណែកភ្ញៀវទេសចរណ៍ម្នាក់ ឈ្មោះ នី ភេទស្រី រស់នៅក្នុងក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ជារៀងរាល់ពេលចុងសប្តាហ៍ ពួកគាត់តែងតែនាំកូនចៅ បើកបររថយន្តដើរលេងកំសាន្តនៅតាមរមណីយដ្ឋាននានាក្នុងក្រុងប៉ៃលិន ជាពិសេសកន្លែងដែលមានទឹកស្ទឹងហូរ ព្រោះធ្វើឱ្យពួកគាត់រំលឹកនូវអនុស្សាវរីយ៍ចាស់ៗ ដែលធ្លាប់ឆ្លងកាត់កាលពីយូរមកហើយ ។ ម្យ៉ាងវិញទៀត ការដើរលេងកំសាន្តនេះ ក៏បង្កើតនូវអារម្មណ៍រីករាយ និងមានគំនិតថ្មីៗ ពោលគឺធ្វើឱ្យគាត់បំបាត់នូវក្តីថប់បារម្ភពីបញ្ហាស្មុកស្មាញផ្សេងៗ នៅក្នុងគ្រួសារផងដែរ ។


ភ្ញៀវដដែលបន្តថា ដូច្នេះ ការដើរលេង លំហែកាយនាថ្ងៃចុងសប្តាហ៍ ពិតជាមានសារសំខាន់សម្រាប់គ្រួសាររបស់គាត់ ដោយជួនកាល ពេលថ្ងៃធ្វើការ ម្នាក់ៗ មានអារម្មណ៍ស្រ្តេសតប់ប្រមល់ និងមានការឈ្លោះប្រកែកក្នុងក្រុមគ្រួសារ លុះបាននាំគ្នាដើរកំសាន្ត ស្រាប់តែនាំមកនូវទឹកចិត្តជ្រះថ្លា បំបាត់ការតប់មួរម៉ៅ និងការខឹងគ្នាក្នុងគ្រួសារអស់មួយកម្រិតផងដែរ ។ លើសពីនេះ នៅជិតថ្ងៃចូលឆ្នាំខ្មែររយ:ពេល៥ថ្ងៃ ឈានចូលមកដល់ ពួកគាត់មិនដឹងជាដើរលេងទៅកន្លែងណា ក៏នាំកូនចៅដើរលេងតាមអាហារដ្ឋានក្បែរៗ មាត់ស្ទឹង ជាកន្លែងដែលមាន ខ្យល់អាកាសត្រជាក់ ស្រស់ស្រាយ និងសប្បាយរីករាយនៅក្នុងចិត្តផងដែរ ៕ ដោយ ៖អ៊ុកដារី

kdn

Leave a Reply

Your email address will not be published.