សៀមរាប៖ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធជាតិអប្សរាបានលើកឡើងថា ដើមឈើដែលវាកាប់ វាមិនដែលកាប់ពេលថ្ងៃទេ។ ហើយការគ្រប់គ្រង់របស់អាជ្ញាធរជាតិអប្សរា នៅក្នុងតំបន់ហ្នឹងគឺតែម៉ោងពេលថ្ងៃទេ ពេលយប់គឺស្ថិតក្រោមការគ្រប់គ្រងរបស់នគរបាលការពារបេតិភណ្ឌ។
សម្លេង…
លោកអះអាងយ៉ាងដូច្នេះនៅក្នុងគ្រុបតេលេក្រាមបណ្ដាញអ្នកសារព័ត៌មាន ដែលបានចេញផ្សាយពាក់ព័ន្ធទៅនឹងករណី កាប់ឈើគ្រញូង នៅក្នុងតំបន់គ្រប់គ្រង ដោយអាជ្ញាធរជាតិអប្សរា។
គួររម្លឹកដែរថា ដើមឈើគ្រញូងមួយដើម ដែលដុះនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាត្រូវបានជនមិនស្គាល់អត្តសញ្ញាណលួចចូលកាត់យកទៅបាត់ដោយសុវត្ថិភាពនៅសល់តែគល់។បើតាមរកំណត់ហេតុសរសេរថា នៅវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០២០ចំណុចគោកបាខែង ក្រុមទី៦ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ការចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្ដែង ឃើញថាពិតជាមានការលួចកាត់ឈើគ្រញូងដែលមានមុខកាត់ ០.២ម៉ែត្រពិតប្រាកដមែន ដោយជនមិនស្គាល់មុខ ហើយដើមគ្រញូងនេះត្រូវជនមិនស្គាល់មុខនោះលួចយកកំណាត់ពាក់កណ្ដាលអស់ប្រវែងប្រមាណ៣ម៉ែត្រ ដោយបន្សល់ទុកគល់នឹងចុងប៉ុណ្ណោះ។
យោងតាមរបាយការណ៍ដដែលបញ្ជាក់ថាករណីនេះក្រុមការងារនឹងបន្តស្រាវជ្រាវរកជនប្រព្រឹត្តមកផ្តន្ទាទោសតាមផ្លូវច្បាប់។
សូមបញ្ជាក់ដែរថា កាលពីវេលាម៉ោង១៤,០០នាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ចំណុច ព្រៃឧទ្យានអង្គរភូមិក្រវ៉ាន់សង្កាត់នគរធំក្រុងសៀមរាប មានជនសង្ស័យមិនស្គាល់មុខបានលួចកាប់ឈើគ្រញូងអស់ចំនួន៤ដើម។ទោះជាយ៉ាងណាពាក់ព័ន្ធទៅនឹងករណីលួចកាប់ឈើគ្រញូងនៅក្នុងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ជាបន្តបន្ទាប់ បែបនេះ គេនៅមិនទាន់ឃើញអាជ្ញាធរជាតិអប្សរាចាប់បានជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់បានម្តងណានៅឡើយទេ៕