ព័ត៌មានជាតិ

ថ្ងៃទី០១ សីហា ជាថ្ងៃឱសានវាទឱ្យម្ចាស់លំនៅឋាន និង អាជីវកម្មដ្ឋានទាំងអស់នៅសង្កាត់ស្វាយប៉ោ ត្រូវរុះរើផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រប់ប្រភេទចេញឲ្យអស់ ដើម្បីសោភ័ណភាពក្រុង

 

មក

បាត់ដំបង÷ឯកឧត្តមសុខ លូ អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបងនៅមុននេះ៩ម៉ោងបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេស្បុ៊កផេកផ្ទាល់ខ្លួនSok Lou មានខ្លឹមសារថា សូមថ្លែងអំណរអរគុណចំពោះស្មារតីចូលរួម​ចំណែកក្នុងការរុះរេីស្លាកផ្សព្វផ្សាយផ្សេងៗនិងសំយ៉ាបផ្ទះ ក្នុងតំបន់អភិរក្ស  និងត្រៀមទទួលយកប្លង់រួមមួយតាមការណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង ដេីម្បីអោយទីក្រុងយេីងកាន់តែមានសោភ័ណភាពស្រស់ស្អាត និងមានភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាកំសាន្ត  ហេីយដេីម្បីប្រកួតប្រជែងទីក្រុងស្អាតអាស៊ានផងដែរ​។

•••សង្ឃឹមថាក្រុងបាត់ដំបងនឹងកាន់ស្រស់ស្អាតហើយសណ្តាប់ធ្នាប់ល្អ•••

ខ្ញុំ❤️បាត់ដំបង

 

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២កន្លងមកនេះ រដ្ឋបាលក្រុងបាត់ដំបងបានចេញលិខិតជូនដំណឹងមួយដែលមានខ្លឹមសារថា ÷
រដ្ឋបាលក្រុងបាត់ដំបង មានកិត្តិយសសូមជូនដំណឹងដល់ម្ចាស់លំនៅឋាន អាជីវកម្មដ្ឋាន ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងមេត្តាជ្រាបថា÷ ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ សោភ័ណភាពទីក្រុងឲ្យកាន់តែប្រសើរ រដ្ឋបាលក្រុង សូមជូនដំណឹងដល់ម្ចាស់លំនៅឋាន អាជីវកម្មដ្ឋាន ស្ថិតនៅបណ្តោយផ្លូវលេខ១ កន្លះ ផ្លូវលេខ២ ផ្លូវលេខ ២ កន្លះ ផ្លូវលេខ៣ និងគ្រប់ផ្លូវកាត់ទទឹងពីផ្លូវលេខ១ដល់ផ្លូវលេខ៣ ស្ថិតតំបន់អភិរក្ស (ចាប់ពីវត្តពិភ័ទ្ទារាមដល់វត្តដំរី ស និងចាប់ពីផ្លូវលេខ១ ដល់ផ្លូវលេខ៣ នៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវធ្វើការរុះរើ សំយាប ផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រប់ប្រភេទចេញឲ្យអស់ និងកែសម្រួលតាមគំរូនិងគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង ចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ជាកំហិត។

ក្នុងករណី ម្ចាស់លំនៅឋាន អាជីវកម្មដ្ឋានទាំងអស់ មិនអនុវត្តតាមសេចក្តីជូនដំណឹងខាងលើនេះ រដ្ឋបាលក្រុង នឹងធ្វើការរុះរើ យកមករក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ជាធរមាន ហើយរាល់ការខូចខាត និងបាត់បង់រដ្ឋបាលក្រុងមិនទទួលខុសត្រូវឡើយ។

រដ្ឋបាលក្រុងបាត់ដំបង សង្ឃឹមនិងជឿជាក់ថា ម្ចាស់លំនៅឋាន អាជីវកម្មដ្ឋាន នឹងអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ដោយស្មារតីសហការខ្ពស់ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថាន ទីក្រុងរបស់យើងទាំងអស់គ្នា ៕

សូមបញ្ជាក់ទៀតថា ក្រោយពីរដ្ឋបាលក្រុងបាត់ដំបងបានជូនដំណឹងរួចមកឃើញថាបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់អភិរក្ស ៨០% ចូលរួមរុះរើសំយាបមុខផ្ទះនៅថ្ងៃទី០១សីហា ឆ្នាំ២០២២នេះដែលជាថ្ងៃឱសានវាទយ៉ាងសស្រាកសស្រាំ។

កម្លាំងបញ្ជាការកងឯកភាពខេត្តបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២២នេះថា÷ ក្រោយការជូនដំណឹងជាសាធារណ:ជាបន្តបន្ទាប់ និងច្រើនថ្ងៃ រហូតដល់ថ្ងៃកំណត់ថ្ងៃទី ០១ ខែសីហានេះ បងប្អូនប្រជាពលរដ្ឋ ដែលភាគច្រើនជាអ្នកលក់ដូរមានការភ្ញាក់រលឹកចូលរួមរុះរើសំយាបមុខផ្ទះរបស់ពួកគាត់រៀងៗខ្លួនដោយមានស្មាតីសហការខ្ពស់ មកទល់ម៉ោងជិត ១០:០០ព្រឹកនេះពួកគាត់រុះរើបានប្រមាណជា ៨០%ហើយ។

សមត្ថកិច្ចដដែលបានបន្ថែមថា÷ ក្រៅពីបងប្អួនប្រជាពលរដ្ឋដែលបានចូលរួមរុះរើខាងលើ ពួកគាត់ជាម្ចាស់លំនៅឋានមួយចំនួនទៀតបានស្នើសុំពន្យាពេលត្រឹមរយ:ពេលខ្លីដោយសារពួកគាត់រកជាងមិនទាន់បាន។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានបញ្ជាក់ជុំវិញការរៀបចំតំបន់អភិរក្សនេះថា÷ ការរៀបចំតំបន់អភិរក្សនេះដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ សោភ័ណភាព និងបរិស្ថានឲ្យបានល្អប្រសើរទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឲ្យចូលមកលេងកម្សាន្តក្នុងទឹកដីវប្បធម៌ ប្រវត្តិសាស្ត្រប្រកបដោយសក្តានុពលរបស់យើងទាំងអស់គ្នា ពិសេសសំដៅការប្រកួតប្រជែងជាសកលនៅលើឆាកអន្តរជាតិ។

លោកបន្តថា ការកែសម្រួលតាមគំរូ និងគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបងនេះអនុវត្តន៍ទៅលើលំនៅឋានបុរាណត្រង់ចំណុចផ្លូវខេត្តលេខ ១កន្លះ, ផ្លូវលេខ ២, ផ្លូវលេខ ២កន្លះ, ផ្លូវខេត្តលេខ ៣ និងកំណាត់ផ្លូវកាត់ទទឹងមួយចំនួនទៀត ក្នុងរង្វង់តំបន់អភិរក្សចាប់ពីចំណុចវត្តពិភិទ្ធារាម ដល់វត្តដំរី ស ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយក្នុងនោះកែសម្រួលឲ្យរុះរើសំយាប ផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រប់ប្រភេទចេញ អនុញ្ញាតិត្រឹមតែ ១ភាគ ៣នៃខឿនផ្លូវមុខ ឬចំហៀងផ្ទះ និងមានកម្ពស់ស្មើៗគ្នាតាមការកំណត់របស់ក្រុមការងារ៕

 

មជ្ឈដ្ឋានទូទៅបានលើកឡើងថា ពួកគាត់មានការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរៀបចំរបស់រដ្ឋបាលក្រុង/ខេត្តបាត់ដំបងដើម្បីសោភ័ណភាពទីក្រុងឱ្យបានស្រស់ស្អាតមិនមានភាពរញ៉េររញ៉ៃទៀតហើយការអនុវត្តឱ្យមានការរុះរើនេះបានស្មើភាពគ្នាល្អចំពោះអ្នករស់នៅក្នុងតំបន់អគារអភិរក្សដែលកន្លងមកមិនធ្លាប់មានការរៀបចំបែបនេះ។

 

 

kdn

Leave a Reply

Your email address will not be published.