(ឧត្តរមានជ័យ)រូបបដិមាករចំនួន៥ព្រះអង្គត្រូវបានប្រជាពលរដ្ធរស់នៅក្នុងភូមិគោកវត្ត ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ខណះពេលដែលម្ចាស់ផ្ទះកំពុងតែជីកដីបម្រុងធ្វើបន្ទប់ទឹកក៏ប្រទះឃើញរូបព្រះអង្គចំនួន៥ព្រះអង្គ ដែលកប់នៅក្នុងដីជំរៅ២ម៉ែត្រក្បែរទៅនឹងចំហៀងផ្ទះតែម្តង។
ប្រភពពីលោក សា ប្បឿន រ៉ាន់ ភេទប្រុសអាយុ៤២ឆ្នាំរស់នៅភូមិគោកវត្ត ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី០៩ខែសីហាឆ្នាំ២០២២ថា កាលពីល្ងាចថ្ងៃទី០៧ខែសីហាឆ្នាំ២០២២វេលាម៉ោងប្រមាណជា៥ល្ងាចរូបលោកនិងកូនម្នាក់ទៀតកំពុងយកចបជីករួមនឹងប៉ែល ជីកដីនៅចំហៀងផ្ទះដើម្បីធ្វើជាបន្ទប់ទឹកប្រើប្រាស់ ក្រោយមកក៏ជីកជំរៅទៅក្រោមបានប្រហែលជាជំរៅ២ម៉ែត្រក៏ប្រទះឃើញដុំថ្មមួយដុំជាប់គ្នាពណ៌រាងខៀវដូចព្រះអង្គធំប្រក់នាគ បន្ទាប់មកលោកក៏បានយកដុំថ្មនោះឡើងមកខាងលើលាងទឹកសម្អាតចេញចេញក៏ឃើញរូបរាងជាព្រះអង្គ ហើយក្រោយមកទៀតលោកក៏បានជីករាវរកបន្ថែមទៀតក៏ឃើញព្រះនៅជាប់គ្នារហូតដល់៥ព្រះអង្គក្រោយមកទៀតលោកក៏បានយកព្រះអង្គទាំងអស់ឡើងលើផ្ទះអ៊ុចធូបបន់ស្រន់សុំសេចក្តីសុខដល់ព្រឹកឡើងនៅថ្ងៃទី០៨ខែសីហាឆ្នាំ២០២២លោកក៏បានរាយការណ៏ជូនសមត្ថកិច្ចតែម្តង។
លោកសា ប្បឿន រ៉ាន់ បានបន្តទៀតថាក្រោយពីលោកបានថែរក្សាព្រះអង្គទាំង៥ព្រះអង្គនោះបានតែមួយយប់នៅព្រឹកថ្ងៃទី០៨ខែសីហាឆ្នាំ២០២២មាននគរបាលស្រុកចុងកាល់ជាច្រើននាក់មកដល់ផ្ទះរបស់លោកហើយបានថតរូបលោកជាមួយព្រះអង្គហើយក៏ត្រឡប់ទៅវិញ។លោកបន្តថានៅថ្ងៃដដែលនគរបាលស្រុកចុងកាលបានមកផ្ទះរបស់លោកម្តងទៀតហើយក៏បាននាំលោកនិងព្រះអង្គដែលលោករកឃើញនៅក្នុងដីនោះរួមទាំងលោកនាំយកទៅកាន់អធិការស្រុក ក្រោយមកទៀតខាងនគរបាលស្រុកក៏បានឲ្យលោកវិលត្រឡប់មកផ្ទះវិញ។
លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី០៩ខែសីហាឆ្នាំ២០២២ថា លោកបានទទួលបានពត៌មានហើយករណីដែលប្រជាពលរដ្ធនៅស្រុកចុងកាល់ជីកដីធ្វើបន្ទប់ទឹកប្រទះឃើញរូបព្រះចំនួន៥ព្រះអង្គនោះ តែបច្ចុប្បន្នវត្ថុតាំងដែលដកហូតបាននៅខាងប៉ូលីសជាអ្នកគ្រប់គ្រងនៅឡើយ ហើយខាងមន្ទីរក៏ពុំទាន់បានទទួលយកមករក្សាទុកនោះដែរ។
សូមបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងប្រជាពលរដ្ធជីកដីឃើញរូបព្រះចំនួន៥ព្រះអង្គនៅត្រង់ចំណុចខាងលើនេះដែរ ខាងក្រុមការងារពត៌មានយើងពុំអាចសុំការបកស្រាយពីសមត្ថកិច្ចនគរបាលជំនាញខាងផ្នែកការពារបេតិភ័ណ្ឌនៃស្នងការខេត្តឧត្តរមានជ័យបានទេ ព្រោះទូរស័ព្ទខលចូលហើយពុំមានអ្នកទទួល។ (ដោយឈឿន ប៊ុនឈី)