ព័ត៌មានជាតិ

អភិបាលខេត្ត ជំរុញឱ្យប្រធានច្រកថ្មីនិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្រ្កាបមេខ្យល់រួមនិងបទល្មើសឆ្លងដែនគ្រប់ប្រភេទ

 

បាត់ដំបង÷ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ណែនាំដល់រដ្ឋបាលស្រុក ក៏ដូចជាកងកម្លាំងដែលនៅតាមខ្សែបន្ទាត់ព្រំដែន ត្រូវតែបន្តខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អ ដោយត្រូវតែធ្វើការខិតខំប្រឹងប្រែងទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ មិនថាពីសំណាក់ពីប្រទេសថៃចូលមកកម្ពុជាក្នុងទឹកដីខេត្តបាត់ដំបង ឬពីខេត្តបាត់ដំបងចូលទៅគេទេ គឺត្រូវខិតខំទប់ស្កាត់ឱ្យបានខ្លាំងក្លា រាល់បទល្មើសផ្សេងៗ ។ 

ឯកឧត្តមបានបព្ជាក់ថា ជាពិសេសត្រូវតែពិនិត្យមើលប្រជាពលរដ្ឋ ដែលប្រើប្រាស់ប័ណ្ណឆ្លងព្រំដែន ដែលប័ណ្ណនេះមានសុពលភាពតែមួយថ្ងៃតែប៉ុណ្ណោះ ពោលគឺមិនអនុញ្ញាតឱ្យមានការស្នាក់នៅប្រទេសថៃឡើយ ដូចនេះត្រូវទប់ស្កាត់ខ្លាចក្រែងប្រជាពលរដ្ឋមួយចំនួនប្រើប្រាស់ប័ណ្ណនេះចូលស្នាក់នៅរាប់ថ្ងៃមិនត្រឡប់មកវិញ ក្នុងនោះបញ្ហាជួញដូរមនុស្សក៏ត្រូវតែធ្វើការទប់ស្កាត់ផងដែរ ។ 

ឯកឧត្តមបានបន្តទៀតថា មិនត្រឹមតែទប់ស្កាត់ការឆ្លងដែនខុសច្បាប់ប៉ុណ្ណោះទេ គឺត្រូវព្យាយាមស្វែងរកមេខ្យល់ដែលតែងតែនាំពលករឆ្លងដែនខុសច្បាប់ ដើម្បីធ្វើការចាប់ខ្លួន និងដោះស្រាយទៅតាមផ្លូវច្បាប់ និងបន្តទប់ស្កាត់ការជួញដូរគ្រឿងញៀនខុសច្បាប់ ការជួញដូរអាវុធក៏មិនត្រូវឱ្យមានសកម្មភាពអសកម្មនេះកើតមានឡើយ ជាពិសេសត្រូវធ្វើការទប់ស្កាត់ទំនិញខុសច្បាប់ ទំនិញគេចពន្ធនានាគ្រប់ប្រភេទតាមច្រកទ្វារព្រំដែនអន្តរជាតិ ឬច្រករបៀងនានាដែលធ្វើឱ្យបាត់បង់ចំណូលរបស់រដ្ឋ ។

 

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់កងកម្លាំងប្រដាប់អាវុធនៅតាមព្រំដែន មន្រ្ដីគយ ឬមន្រ្ដីដែលពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាទៅវិញទៅមក ក្នុងន័យគឺជួយប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋឱ្យបានល្អ។

ឯកឧត្តមបានថ្លែងបែបនេះក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ស្រុកសំពៅលូន ខេត្តបាត់ដំបង នៅព្រឹកថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ក្នុងពិធិនោះត្រូវបាន-ផ្លាស់ប្ដូរលោក នាង ច័ន្ទថារ៉ា ឋានន្តរស័ក្ដឧត្តមមន្រ្ដី ថ្នាក់លេខ៥ ពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ឱ្យមកបម្រើការងារនៅអង្គភាពដើមវិញ ។ 

-ប្រគល់ភារកិច្ចលោក ខុង យ៉ាត់លួង ឋានន្តរស័ក្ដិអនុមន្រ្ដី ថ្នាក់លេខ៤ ឱ្យមកកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ស្រុកសំពៅលូន ខេត្តបាត់ដំបង ៕#ដោយលោកអ៊នអឿម

kdn

Leave a Reply

Your email address will not be published.