ភ្នំពេញ : ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង១១:០០នាទីយប់ថ្ងៃ១០រោចខែ អសុ្សថ ឆ្នាំខាល ចត្វាស័ក ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២បុរសម្នាក់បេីកបររថយន្តឡិចសុីសLX470 មួយគ្រឿងក្នុងល្បឿនលឿន រួចរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់ដេកដល់ដីចំនួន២កង់ ររីឯម្ចាស់រថយន្តជាតៃកុងរងរបួសស្រាលចំណែករថយន្ដរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះបង្កឡើងនៅត្រង់ចំណុចស្តុបកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្ដោយផ្លូវ២៨៩ កែងផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដឡិចស៉ីសLX 470 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-9685 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់រាបពេញផ្លូវចំនួន០២កង់ ឯរថយន្តបង្កបានខ្ទេចពីមុខផ្នែកខាងឆ្វេងជាខ្លាំង ។ ដោយឡែកបុរសម្នាក់ដែលជាតៃកុងរថយន្ត មិនរងរបួសធ្ងន់ធ្ងរនោះទេ ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងមន្ត្រីជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕ រាយការណ៍ពីខ្ញុំសុខសារ៉ាន់