ព័ត៌មានសន្តិសុខសង្គម

ប្រពន្ធស្តីបន្ទោសតិចតួច យកថ្នាំបាញ់ស្មៅផឹកចង់សម្លាប់ខ្លួន

 

ខេត្តប៉ៃលិន ៖ បុរសម្នាក់ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ខណ:ពេលដែលប្រពន្ធស្តីបន្ទោស និងមានបញ្ហាជំពាក់បំណុលគេតិចតួច ក៏ទាញថ្នាំពុលបាញ់ ស្មៅប្រភេទទឹកខៀវ យកទៅសម្ងំផឹកក្នុងបន្ទប់ លុះប្រពន្ធកូនឮសម្លេងក្អួតចង្អោរ និងធុំក្លិនថ្នាំពុល ក៏បើកទ្វារបន្ទប់មើល ឃើញមានដបថ្នាំពុល ក៏ប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនតែម្តង។   

ហេតុការណ៍បុរសម្នាក់មានវិបត្តិ ផឹកថ្នាំពុលបាញ់ស្មៅនេះ បានកើតឡើងកាលពីវេលាម៉ោង០៦និង ៣០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិបាយសី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ បុរសជនរងគ្រោះមាន ឈ្មោះ ណម ជីម ភេទប្រុស អាយុ៦៣ឆ្នាំ(មុខរបរកសិករ) រស់នៅភូមិ/ឃុំកើតហេតុខាងលើ។ ប្រភពបន្តទៀតថា មូលហេតុ ដែលនាំឱ្យបុរសរងគ្រោះ ដាច់ចិត្តទាញយកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវយកទៅសង្ងំផឹកក្នុងបន្ទប់ទាំងព្រឹកបែបនេះ ដោយសារតែជនរងគ្រោះមានវិបត្តិក្នុងគ្រួសារ តូចចិត្តប្រពន្ធស្តីបន្ទោស ជំពាក់បំណុលគេតិចតួច ទើបសម្រេចចិត្តធ្វើអត្តឃាតតែម្តង។ ប៉ុន្តែ បន្ទាប់ពីឮ សម្លេងក្អួតចង្អោរក្នុងបន្ទប់ ប្រពន្ធនិងកូនៗ បើកទ្វារឃើញទាន់ ក៏ប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីឱ្យគ្រូពេទ្យលាងក្រពះជម្រះជាតិពុលសង្រ្គោះបន្ទាន់តែម្តង។

ទោះបីជាយ៉ាងណា លោកគ្រូពេទ្យបានខ្សឹបប្រាប់ថា ៖ ជនរងគ្រោះ ខាងលើមានសង្ឃឹមរស់តិច តួចបំផុត ក្រោយពីផឹកថ្នាំពុលប្រភេទនេះហើយ ១០០នាក់ មានសង្ឃឹមតែម្នាក់ទេ ព្រោះជាថ្នាំពុលបាញ់ស្មៅ ប្រភេទលេខ១ ផលិតនៅប្រទេសថៃ គ្មានឱសថណាអាចបន្សាប ឬព្យាបាលបានឡើយ។ ក្រោយ ពេលជនរងគ្រោះផឹករួច ទឹកថ្នាំនេះ នឹងជ្រាបចូលទៅក្នុងខ្លួន កាត់ផ្តាច់សាច់ក្រពះ ពោះវៀន ធ្វើឱ្យរលួយរលេះគ្មានសល់នោះទេ។ តែទោះបីជាយ៉ាងណា លោកគ្រូពេទ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់លាងក្រពះជម្រះជាតិពុលឱ្យអស់ពីសមត្ថភាព។

បច្ចុប្បន្ន ជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីតាមដានមើលសភាពជំងឺ៕ ដោយ ៖ នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.