បាត់ដំបង: ជនសង្ស័យចំនួន០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីរសៀលថ្ងៃ ១១ ឧសភា ក្រោយធ្វើសកម្មភាពលួចគាស់ផ្ទះមន្ត្រីនគរបាលម្នាក់ ចូលលួចយកគ្រឿងអល័ង្ការ ននិងលុយកាក់អស់មួយចំនួនធំ កាលពីជាង១០ថ្ងៃមុន នៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូនខេត្តបាត់ដំបង ខណៈពេលម្ចាស់ផ្ទះមិនបានស្នាក់នៅមួយរយ:។
លោក ទឹម វិឆ័យ អធិការស្រុកសំពៅលូន បានឲ្យដឹងថាក្រោយធ្វើការស្រាវជ្រាវ ជនសង្ស័យទាំង០២នាក់ ម្នាក់ឈ្មោះ វ៉ាន់ សំណាង អាយុ២២ឆ្នាំ (ក្មួយម្ចាស់ផ្ទះ) និង ម្នាក់ទៀតឈ្មោះ សែន សុផុន អាយុ៣៣ឆ្នាំ ពួកគេរស់នៅក្បែរផ្ទះជនរងគ្រោះខាងលើរីឯម្ចាស់ផ្ទះរងគ្រោះឈ្មោះ ញឹក សុជាតា ស្រីអាយុ២៨ឆ្នាំ មុខរបរជាមន្ត្រីនគរបាលនៅអធិការស្រុកសំពៅលូន។
លោកអធិការបន្តថា ករណីគាស់ទម្លុះទម្លាយលំនៅឋានខាងលើនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ម្ចាស់ផ្ទះឈ្មោះ ញឹក សុជាតា ស្រីអាយុ២៨ឆ្នាំ មានមុខរបរជាមន្ត្រីនគរបាល ។ អំពើចោរកម្មនេះ បានបង្កឡើងដោយជនមិនស្គាល់មុខ ដែលពួកគេបានធ្វើសកម្មភាព នៅពេលម្ចាស់ផ្ទះបិទទ្វារចាក់សោទុកចោល រួចចេញទៅខេត្តបាត់ដំបង។
លោកអធិការស្រុកបានបញ្ជាក់ថា ម្ចាស់ផ្ទះបានដឹងរឿងនេះ នៅពេលត្រឡប់មកផ្ទះវិញទើបបានដឹងថា មានចោរគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិ។ ហើយក៏ប្តឹងមកសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការឃាត់ជនសង្ស័យចំនួន០២នាក់ ដែលនៅផ្ទះក្បែរគ្នា។
សមត្ថកិច្ចបន្តថា ទ្រព្យសម្បត្តិដែលជនរងគ្រោះបាត់បង់រួមមាន៖ ខ្សែ.កប្លាទីន០១ខ្សែ, ចិញ្ចៀនប្លាទីន០១វង់ កងដៃប្លាទីន០៧វង់ និងប្រាក់ថៃចំនួន២ម៉ឺនបាត ។ គ្រឿងអល័ង្ការ និង ប្រាក់ទាំងនេះ ត្រូវជនរងគ្រោះទុកនៅក្នុងកាបូប។ប៉ុន្តែក្រោយត្រូវចាប់ខ្លួន វត្ថុតាងដែលដកហូតបានពីជនសង្ស័យមាន៖ ខ្សែកប្លាទីនពណ៌.សមានដាំត្បូង០១ខ្សែ និងចិញ្ចៀនប្លាទីនមានដាំត្បូង០១វង់។ពួកគេបានគាស់ជញ្ជាំងផ្ទះខាងក្រោយចូលលួចទ្រព្យសម្បត្តិ ពេលម្ចាស់ផ្ទះចាកចេញផុត។
ក្រោយពេលឃាត់ខ្លួននៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពគាស់ផ្ទះចូលលួចគ្រឿងអល័ង្ការ និង ប្រាក់ចំនួន២ម៉ឺនបាតរបស់ជនរងគ្រោះពិតប្រាកដមែន។បច្ចុប្បន្នមន្ត្រីជំនាញបានសួរនាំ និងចាត់ការទៅតាមនីតិវិធី៕
មជ្ឈដ្ឋានទូទៅបានលើកឡើងថា នេះពិតជាចោរលួចអំបុកលួចអំបែងលួចក្បែរគ្នាឯងមិនចាំបាច់ទៅណា!