ព័ត៌មានសន្តិសុខសង្គម

រថយន្តទំនើប១គ្រឿងបើកបរក្នុងល្បឿនលឿន ត្រង់ចំណុចផ្លូវឡើងទួល ជ្រុលទៅបុកម៉ូតូរ៉ឺម៉កពេញទំនឹងបណ្តាល រងរបួសធ្ងន់ស្រាលមនុស្ស២នាក់

 

ខេត្តប៉ៃលិន៖បុរសម្នាក់ជាឪពុករងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបងខណ:កូនអាយុ១២ឆ្នាំជិះជាមួយរងរបួសស្រាលដោយសារតែបុរសម្នាក់បើកបររថយន្តស៊េរីទំនើបម៉ាកព្រូសក្នុងល្បឿនលឿន ត្រង់ចំណុចផ្លូវឡើងទួលក៏ជ្រុលទៅបុកម៉ូតូរ៉ឺម៉កពីក្រោយពេញទំហឹង បណ្តាលឱ្យធ្លាក់ចូលក្នុងប្រឡាយអត់ទឹករងរបួសធ្ងន់ស្រាលតែម្តង។

ហេតុការណ៍រថយន្តព្រូសបើកបរក្នុងល្បឿនលឿនត្រង់ផ្លូវឡើងទួល ជ្រុលទៅបុកម៉ូតូរ៉ឺម៉កនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង២០នាទីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅលើដងផ្លូវជាតិលេខ៥៧ ត្រង់ចំណុចផ្លូវឡើងចំណោតក្បែរចំណតភាស៊ី ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាលឱ្យរងរបួសធ្ងន់ស្រាល២នាក់ និងខូចខាតម៉ូតូរ៉ឺម៉ក១គ្រឿង ខូចខាតរថយន្ត០១គ្រឿង។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលបានឱ្យដឹងថា ៖ ភាគីរងគ្រោះ មាន ឈ្មោះ មឿន សាម៉េត ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបររត់រ៉ឺម៉ក រស់នៅក្នុងភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិនរង របួសធ្ងន់ ដោយបើកបរម៉ូតូម៉ាកសាន់យ៉ាន់ស៊េរីចាស់ គ្មានស្លាកលេខ សណ្ដោងរ៉ឺម៉កពណ៌ស ក្នុងទិសដៅពីកើតតទៅលិច និងអ្នករួមដំណើរ ឈ្មោះ ម៉េត សាមុត ភេទប្រុស អាយុ១២ឆ្នាំ ជាសិស្ស (រងរបួសស្រាល) ត្រូវជាកូនរបស់ជនរងគ្រោះ។

ចំណែកភាគីបង្កមិនស្គាល់អត្តសញ្ញាណ ដោយបើកបររថយន្ដម៉ាកព្រួស ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 2B- 9995 រងការខូចខាតមធ្យមផ្នែកខាងមុខ បានបើកបររថយន្តគេចចេញពីកន្លែងកើតហេតុ ក្រោយពេលបុកម៉ូតូរ៉ឺម៉កខាងលើ។
ក្រោយពេលកើតហេតុ ជនបង្កបានបើកបររថយន្តគេចពីកន្លែងកើតហេតុកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនសហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ពង្រាយកម្លាំងតាមដងផ្លូវ និងដេញតាមរហូតដល់ចំណុចអង្គតែន០១៦ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ស្រាប់តែម្ចាស់រថយន្ត បានឈប់រថយន្តផ្លុងទុកចោល ហើយបើកទ្វារចុះរត់គេចចេញពីរថយន្តបាត់ស្រមោល។ ប្រភពដដែលបន្តទៀតថា មូលហេតុដែលបណ្តាលឱ្យមានបញ្ហាគ្រោះថ្នាក់ចរាចរនេះដោយសារអ្នកបើកបររថយន្ដម៉ាកព្រួស បើកបរក្នុងល្បឿនលឿន វ៉ាជែងមិនគោរពផ្លូវអទិភាព ក៏ជ្រុលទៅបុកម៉ូតូរ៉ឺម៉កភាគីរងគ្រោះចំពីក្រោយពេញទំហឹង ខណ:ដែលធ្វើដំណើរស្របទិសគ្នាពីកើតទៅលិច បណ្តាលឱ្យធ្លាក់ប្រឡាយ។


ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្ន ភាគីរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ហើយកម្លាំងជំនាញផែនសណ្ដាប់ធ្នាប់សាធារណៈនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនបានយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្តស្រាវជ្រាវរកម្ចាស់រថយន្ត និងអនុវត្តតាមនីតិវិធីច្បាប់៕ ដោយ ៖ នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.