ព័ត៌មានជាតិ

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡាស្នើរទៅដល់អាជ្ញាធរមូលដ្ធានឱ្យចូលរួមទប់ស្កាត់សិស្សានុសិស្សគេចវេសសាលាមិនចូលរៀន

 

ឧត្តរមានជ័យ:ថ្លែងនៅក្នុងពិធីបើកអង្គសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំយុវជននិងកីឡា ឆ្នាំសិក្សា២០២២.២០២៣និងលើកទិសដៅឆ្នាំសិក្សា២០២៣.២០២៤ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡា ស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន មេត្តាជួយទប់ស្កាត់ចំពោះសិស្ស គេចម៉ោងនៅ ក្រៅសាលាមិនព្រមចូលរៀន ជា
ពិសេស មានពាក់ឯកសណ្ឋានជាសិស្សជាប់ខ្លួន។

ថ្នាក់ដឹកនាំខាងលើបានបន្តថា ដោយសារកន្លងមកសិស្សខិលខូចគេចវេសសាលាមួយចំនួនតូចទាំងនោះបានស្លៀកពាក់ឯកសណ្ឋានជាសិស្សសាលាជាប់ខ្លួនទៅចូលកន្លែង ស្នូកឃ័រ ក្លិប កីឡា តារាងបាល់ តាមរោងកាហ្វេ តាមម៉ាត ជាដើម ក្នុងម៉ោងរៀនសូត្រ។ ហើយមួយវិញទៀត ក៏សូមស្នើរទៅមន្ត្រីនគរបាលជំនាញនៅតាមបណ្តាប៉ុស្តិ៏៍ អធិការក្រុង/ស្រុកទាំងអស់មេត្តា ពង្រឹងលើសិស្សមិនទាន់គ្រប់អាយុបើកបរម៉ូតូនិងមិនពាក់មួកសុវត្ថិភាព គឺត្រូវតែ អនុវត្តទៅតាមនីតិវិធីកុំឱ្យមានការលើកលែងពីព្រោះថា ការធ្វើបែបនេះគឺដើម្បីកាត់បន្ថយក្នុងការគ្រោះថ្នាក់ចរាចរណ៍ ជាបន្តបន្ទាប់។

លោកបុិច រតនា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានឡើងអាន របាយការណ៍ដោយបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំក្នុងអង្គពិធីសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារមន្ទីរអប់រំតែងតែ ប្រជុំផ្សព្វផ្សាយហើយក្រើនរំឭកទៅដល់ លោកគ្រូអ្នកគ្រូនាយកសាលា បឋមនិងអនុវិទ្យាល័យ វិទ្យាល័យ ទាំងអស់ឲ្យចូលរួម ពង្រឹង លើកិច្ចការងារ បង្រៀនសិស្សានុសិស្ស ឲ្យបានទៀងទាត់មានតម្លាភាព និងលើកទឹកចិត្តទៅដល់ មាតាបិតាសិស្ស ជម្រុញកុមារតូចដែលគ្រប់អាយុ ចាប់ពីមត្តេយ្យដល់បឋមដើម្បីឱ្យគាត់បានមករៀនសូត្រយកចំណេះជំនាញ រហូតដល់អនុវិទ្យាល័យ វិទ្យាល័យ ។

លោកជំទាវ មិនធារី អភិបាលរងខេត្តឧត្តរមានជ័យ បានមានមតិ សំណេះសំណាលនឹងលើកឡើងថា ស្ថិតនៅក្នុងនេះផ្ទាល់ក្នុងនាមរដ្ឋបាលខេត្ដក៏សូម ក្រើនរំឭកទៅដល់លោកគ្រូអ្នកគ្រូនៅតាមសហគមន៍ក៏ដូចជានៅតាមសាលារៀន គ្រប់ឃុំ ស្រុកទាំងអស់ត្រូវជួយពន្យល់ ណែនាំដល់សិស្ស សម្រាប់ពិភាក្សានិងផ្សព្វផ្សាយកំណែទម្រង់ បន្តយកចិត្តទុកដាក់បង្រៀន សិស្សានុសិស្សតាំងពីតូចឱ្យគាត់ខិតខំសិក្សារៀនសូត្រយកចំណេះជំនាញពីថ្នាក់តូចនេះទៅ ដើម្បី ជាថ្នាលបណ្ដុះមួយដ៏មានសារៈសំខាន់ សម្រាប់ពួកគាត់ទៅថ្ងៃអនាគតពីព្រោះថា នាពេលបច្ចុប្បន្ននេះការសិក្សាគឺមានសារៈសំខាន់ណាស់ ដូចនេះមិនថានៅទីដាច់ស្រយាលគឺត្រូវតែ ពន្យល់ណែនាំទៅដល់មាតាបិតា ត្រូវ ជំរុញឱ្យកូនៗមករៀនសូត្រ ឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តមហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការក្រសួង
អប់រំយុវជននិងកីឡាបានគូសបញ្ជាក់ថា ឯកឧត្តមសូមដាស់តឿនទៅដល់ លោកគ្រូអ្នកគ្រូទាំងអស់ដែលបានមកចូលរួមក្នុងអង្គសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំយុវជននិងកីឡា នៅក្នុងថ្ងៃនេះ ត្រូវបន្តយកចិត្តទុកដាក់បន្ថែមលើការងារអប់រំ ហើយអ្វីដែលសំខាន់បំផុតតួអង្គ ដែលសំខាន់ជាងគេ ក្នុងការបង្រៀនសិស្ស ភាសារខ្មែរនិងគណិតវិទ្យានៅតាមមូលដ្ធាន ក្រៅពីលោកគ្រូអ្នកគ្រូគឺ ស្នើឱ្យមាតាបិតាសិស្ស ជួយបង្ហាត់បង្រៀនកូនតូចៗនៅតាមផ្ទះបន្ថែមទៀតក្រៅពីរៀននៅសាលា ជាពិសេស លោកគ្រូអ្នកគ្រូ ត្រូវយកចិត្តទុកដាក់ នៅតាមសាលានីមួយៗ ត្រូវពង្រឹងបន្ថែមលើកិច្ចការងារ ថែរក្សាអនាម័យសុខភាព សម្អាតជុំវិញបរិវេណសាលាថែរក្សាហេដ្ឋារចនាសម្ព័ន្ធសាលា ជាការចាំបាច់បំផុត។

សូមជម្រាបថា កម្មវិធីបើកនិងបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំយុវជននិងកីឡាឆ្នាំសិក្សា២០២២.២០២៣./និងលើកទិសដៅ២០២៣២០២៤ គឺធ្វើឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ១៥/១៦ ខែកុម្ភ:ឆ្នាំ២០២៤នៅក្នុងបរិវេណ មន្ទីរអប់រំយុវជននិងកីឡា ខេត្តឧត្តរមានជ័យស្ថិតនៅក្នុងភូមិបុរីរដ្ឋបាលសង្កាត់សំរោងក្រុងសំរោងខេត្តឧត្តរមានជ័យ។ដោយ
ឡែកនៅរសៀលថ្ងៃទី១៦ខែកុម្ភ:ឆ្នាំ២០១៤នេះលោកជំទាវមិន ធារី អភិបាលរងខេត្តអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទអង្គសន្និបាតបូកសរុបវាយតម្លៃការងារអប់រំ ក្នុងនោះក៏មានប្រគល់ ទង់ជ័យលាភីនិងបានសរសើរជូនដល់លោកនាយកសាលាបឋមសិក្សា អនុវិទ្យាល័យវិទ្យាល័យមកពីបណ្ដាក្រុងស្រុកទាំង៥ក្នុងខេត្តឧត្តរមានជ័យនឹងប្រគល់ដីការតែងតាំងនាយកសាលា ផ្តល់លិខិតថ្លែងអំណរគុណដល់មន្ទីរ ជាដៃគូរផងដែរ។  (ដោយឈឿន ប៊ុនឈី)

 

kdn

Leave a Reply

Your email address will not be published.