ព័ត៌មានសន្តិសុខសង្គម

ឈប់រថយន្តចូលផ្សារ១ភ្លែត ស្រាប់តែជនសង្ស័យម្នាក់ចូលបើករថយន្តយករថយន្តទៅបាត់ដោយទាំងកូនប្រុស និងម្តាយចាស់ជរានៅក្នុងរថយន្តផង

 

បន្ទាយមានជ័យ៖យ៉ាងហោចណាស់មានរឿងគួរឱ្យអស្ចារ្សមួយបានកើតឡើងកម្រជួបប្រទះខណ:ពេលបុរសម្នាក់បានឈប់រថយន្តទាំងនៅបញ្ឆេះ ដើម្បីចូលទិញខោអាវ ស្រាប់តែមានជនសង្ស័យម្នាក់ដើរមក ហើយបានចូលទៅបើកលួចយកទៅបាត់ ដោយនាំទាំងកូនប្រុស និងម្តាយចាស់ជរារបស់ម្ចាស់រថយន្តទៅជាមួយផង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម, ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំបញ្ជាឱ្យកម្លាំងនគរបាល សហការជាមួយអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ដេញតាម និងពួនស្ទាក់ នៅទីបំផុតជនសង្ស័យបានទម្លាក់មនុស្សទាំង២នាក់ និងបានផ្លុងរថយន្តចោលវិញ រួចហើយរត់គេចខ្លួនបាត់។

លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា នៅវេលាម៉ោង ៨:២០នាទីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ត្រង់ចំណុចខាងកើតបេនឡានតូចស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានករណីចោរលួចរថយន្ត០១គ្រឿង ម៉ាកលុច្សស៊ីស RX330 ពណ៌ស ពាក់ផ្លាកលេខ ប.ជ 2C-4361 ដែលមានម្ចាស់ឡានឈ្មោះសំ សុវណ្ណ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ នៅភូមិផ្សារកណ្តាលសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ម្ចាស់រថយន្តខាងលើបានលើកឡើងថា ខណៈពេលខ្លួនបានជិះរថយន្តរបស់ខ្លួនដើម្បីទៅទិញខោអាវ ដោយមានកូនប្រុសម្នាក់ ឈ្មោះ សំ សិលា អាយុ១៣ឆ្នាំ និងម្តាយឈ្មោះ អៀ គឹមហោ អាយុ៨៣ឆ្នាំ មកជាមួយលុះដល់ផ្សារខ្លួនក៍ចុះពីរថយន្តចូលផ្សារឱ្យកូននិងម្តាយអង្គុយរង់ចាំនៅក្នុងរថយន្ត ប្រហែល១០នាទី ក្រោយមកស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ បានចូលក្នុងរថយន្តបើកចេញទៅតាមបណ្តោយផ្លួវស្តង់តាងួនបាត់ខ្លួនក៍ឆោឡោឱ្យគេជួយនិងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្តង។

តាមការរៀបរាប់របស់កូនប្រុសនិងម្តាយបានឱ្យដឹងថា ខណ:ពេលជនសង្ស័យបើកយករថយន្តដល់ចំណុចស្រះបេះដូង ជនសង្ស័យបានឱ្យខ្លួន
(ក្មេងប្រុស)ចុះពីលើរថយន្ត រួចបន្តរដំណើរទៅតាមផ្លូវជាតិលេខ៥៨ ដល់ចំណុចផ្លូវបំបែកអូរនាង ជនសង្ស័យបានឱ្យអ៊ុំស្រីចុះពីលើរថយន្តទៀត រួចវាបើកត្រឡប់ទៅទិសខាងត្បូងវិញ។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាម, លោកឧត្តមសេនីយ៍ទោស្នងការ បានដឹកនាំបញ្ជាផ្ទាល់កម្លាំងជំនាញ កម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែត ចេញប្រតោបត្តិការល្បាត ពួនស្ទាក់ រហូតរកឃើញរថយន្តនៅត្រង់ចំណុចផ្សារសមាគម ប្រគល់រថយន្តឱ្យ ម្ចាស់វិញ នៅវេលាមោង ២២:៣០នាទី ថ្ងៃដដែល ហើយជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។

លោកឧត្តមសេនីយ៍ស្នងការបានឱ្យដឹងថា ករណីនេះពុំបានបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ ហើយសំភារៈនៅក្នុងរថយន្តមានទូរស័ព្ទ០២គ្រឿងត្រូវបានជនសង្ស័យលួចយកទៅបាត់។ បើតាមកូនប្រុសម្ចាស់ឡានក្រោយត្រឡប់មកវិញ បាននិយាយថា ជនសង្ស័យមានកាំភ្លើងមួយដើមផងដែរ។

លោកឧត្តមសេនីយ៍ស្នងការបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ទទាំង

អស់ត្រូវមានការប្រុងប្រយ័ត្នក្នុងការឈប់ចតរថយន្ដដូចករណីនេះក៍ជាមេរៀនមួយសម្រាប់បងប្អូនផងដែរដែលមានរថយន្ត។នេះសំណាងហើយដែលរាយការណ៍ដល់សមត្ថកិច្ចបានជួយទាន់ពេលវេលារករថយន្តឃើញវិញនិងមិនមានកើតហេតុគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស។

បច្ចុប្បន្នករណីនេះកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីតាមចាប់ជនល្មើសមកផ្តន្ទាទោសតាមផ្លូវ៕

 

kdn

Leave a Reply

Your email address will not be published.