ខេត្តប៉ៃលិន ៖ប្រជាពលរដ្ឋរងគ្រោះធម្មជាតិ ដោយសារជំនន់ទឹកភ្លៀង ជាច្រើនគ្រួសារនៅស្រុកសាលាក្រៅ ខណ:ផ្ទៃមេឃភ្លៀងធ្លាក់រាល់ថ្ងៃ អស់រយ:ពេលជាយូរ ធ្វើឱ្យរាំងស្ទះ មិនអាចចេញទៅប្រកបរបរចិញ្ចឹមជីវិតបាន ព្រួយបារម្ភពីបញ្ហាទឹកលិចផ្ទះសម្បែង បណ្តាលឱ្យខ្វះខាតស្បៀងអាហារ ទើបម្ចាស់ស្ថានីយ៍ប្រេងឥន្ធន:១កន្លែង សម្រេចផ្តល់ស្បៀង ដើម្បីត្រៀមបម្រុងចែកជូនពលរដ្ឋតែម្តងតាមរយៈអាជ្ញាធរមូលដ្ឋាន ។
ការប្រគល់ស្បៀងសប្បុរសជន ជូនអាជ្ញាធរស្រុកសាលាក្រៅត្រៀមចែកដល់ពលរដ្ឋរងគ្រោះនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅក្នុងបរិវេណស្រុកសាលាក្រៅ ដោយមានការអញ្ជើញចូលរួមពីលោក សំ សារ៉េត អភិបាលស្រុក លោក ឡូ លុយ អភិបាលរងស្រុកសាលាក្រៅ ព្រមទាំងមន្រ្តីសាលាស្រុកមួយចំនួនផងដែរ ។
លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានរៀបរាប់ឱ្យដឹងថា ដោយសារលោក ឡូ លុយ អភិបាលរងស្រុក មានទំនាក់ទំនងល្អ ជាមួយប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ទើបរ៉ាយរ៉ាប់ប្រាប់ពីទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះធម្មជាតិដោយសារទឹកជំនន់ កាលពីពេលថ្មីៗ ដល់អាជីវករ ជាសប្បុរសជន ទើបរហូតមកដល់ពេលនេះ ម្ចាស់ស្ថានីយ៍ប្រេងឥន្ធន:១កន្លែង ឈ្មោះ ទូច គឹមសាន្ត ភេទប្រុស ប្រពន្ធ ឈ្មោះ គ្រី ចន្នី និងក្រុមគ្រួសារ ឈ្មោះ ទូច លីហ៊ាង ភេទប្រុស ឈ្មោះ វែង ធារ៉ា ភេទប្រុស និងឈ្មោះ ម៉ុច ដេវិត ភេទប្រុស បានមូលមតិគ្នាទិញជាគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន ៖ អង្ករទម្ងន់៥០គីឡូក្រាម ចំនួន១០ការ៉ុង ទឹកសុទ្ធ៥០យួរ មី២០កេះ ត្រីខកំប៉ុង១០ឡូ ទឹកស៊ីអ៊ីវ១០យួរ និងទឹកត្រី១០យួរផងដែរ ។
លោកបន្តទៀតថា អំណោយដ៏ថ្លៃថ្លា របស់សប្បុរសជនទាំងនេះ ខាងអាជ្ញាធរស្រុក នឹងត្រៀមយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅពេលខាងមុខឆាប់ៗនេះ។អាជ្ញាធរស្រុកសាលាក្រៅ សូមក៏ថ្លែងអំណរគុណដល់សប្បុរសជនយ៉ាងជ្រាលជ្រៅក្រៃលែង ដែលមានចិត្ត ចេះចែករំលែកជួយគ្នាក្នុងគ្រាមានអាសន្ន អន្ធក្រ ជាពិសេសបញ្ហាគ្រោះធម្មជាតិ ។ លោកសូមឱ្យម្ចាស់អំណោយទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ ទទួលជោគជ័យ គ្រប់ភារកិច្ចផងដែរ ។
លើសពីនេះ អាជ្ញាធរស្រុកសាលាក្រៅ ក៏នៅតែបន្តអំពាវនាវ ដល់សប្បុរសជនរស់នៅក្នុងខេត្ត ក៏ដូចជានៅឯនាយសមុទ្រ បើមានចិត្តចង់ចូលរួមចំណែកបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិនេះ គឺអាចទាក់ទងមកលេខទូរស័ព្ទ 097 74 94 888 ហើយនៅពេលទទួលបានច្រើនអាជ្ញាធរ នឹងធ្វើកម្មវិធីចែកជូនប្រជាពលរដ្ឋដំណាលគ្នាតែម្តង ៕