បាត់ដំបង៖ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងជាង១០០គ្រួសារ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង នៅព្រឹកថ្ងៃទី២០ខែតុលានេះ ទទួលបានអំណោយមនុស្សធម៌ពីថ្នាក់ដឹកនាំមេបញ្ជាការដ្ឋានកងរាជអាវុធខេត្តបាត់ដំបង រួមនិងសប្បុរសជនជាច្រើននាក់ទៀត។
លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានលើកឡើងថា ទោះបីអំណោយដែលឧបត្តម្ភនៅពេលនេះមានចំនួនតិតួចក្តីក៏បានជួយសម្រាលដល់ទុក្ខលំបាករបស់បងប្អូនពលរដ្ឋបានមួយគ្រាផងដែរ។
ហើយអំណោយទាំងនេះទទួលបានពីការកៀរគពីបណ្តាកងកម្លាំងក្នុងអង្គភាព មន្ត្រីរាជការ និងក្រុមអាជីករដែលជាសប្បុរសជននៅក្នុងខេត្តបាត់ដំបង ក្នុងនោះក៏បានមកពីការជួយឧបត្ថម្ភរបស់ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើងគោកផងដែរ។
លោកឧត្តមសេនីយ៍ត្រីមាស សុវណ្ណ បានបញ្ជាក់ទៀតថា អំណោយជាគ្រឿងឧបភោគ បរិភោគដែលត្រូវផ្តល់ជូនដល់ប្រជាពលរដ្ឋនាពេលព្រឹកនេះក្នុងមួយគ្រួសារៗទទួលបាន -អង្ករចំនួន២០គីឡូក្រាម -មី០១កេះ -ត្រីខ០១យួរ -ទឹកក្រូច០៦កំប៉ុង និងថវិកាចំនួន២០,០០០រៀល៕