បាត់ដំបង÷ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា ជនរងគ្រោះដោយសារគ្រឿងញៀនទាំងអស់ត្រូវកែខ្លួនឱ្យក្លាយជាពលរដ្ខល្អខណ:ពេលផ្តាច់ហើយនិងថយឱ្យឆ្ងាយពីគ្រឿងញៀន។ឯកឧត្តមបន្តថា ប្អូនៗគឺជាទំពាំងស្នងឬស្សីជាសរសរទ្រូងរបស់ប្រទេសជាតិមិនត្រូវយកខ្លួនទៅប្រើប្រាស់គ្រឿងញៀនធ្វើឱ្យមានបញ្ហាដល់សង្គមឪពុកម្តាយលំបាកដោយសារខ្លួនយើងខូចអនាគតនិងខាតបង់ពេលវេលានោះឡើយ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាមានប្រសាសន៍បែបនេះខណ:ពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បុគ្គលិក ជនរងគ្រោះដោយសារគ្រឿងញៀន និងបិទបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផ្នែកទ្រឹស្តី និងអនុវត្តផ្ទាល់ដល់អ្នកញៀនគ្រឿងញៀន លើកទី៤ នៅមជ្ឈមណ្ឌល ន្សាបព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ស្ថិតក្នុងភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្ត
បាត់ដំបងនៅព្រឹកថ្ងៃទី៤ខែកក្កដាឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្ដល់អំណោយថវិកា ចំនួន ១០០លានរៀល អង្ករ ២០តោន និងសម្ភារៈប្រើប្រាស់ចំនួន ២០០កញ្ចប់ ព្រមទាំងបានសន្យាផ្ដល់ការគាំទ្របន្ថែមទៀត និងចូលរួមសម្របសម្រួលដោះស្រាយសំណើរនិងសំណូមពរមួយចំនួន ដើម្បីនិរន្តរភាព និងវឌ្ឍនភាពរបស់មជ្ឈមណ្ឌល៕
យោងតាមរបាយការណ៍ឯកឧត្តមវេជ្ជបណ្ឌិត កែ ស៊ីនួន ដែលជាប្រធានមជ្ឈមណ្ឌល មុននឹងអនុញ្ញាតឱ្យធ្វើសមាហរណកម្មត្រឡប់ទៅផ្ទះវិញ ជនរងគ្រោះទាំងអស់ ត្រូវឆ្លងកាត់ការធ្វើតេស្ត ៣ដង តម្រូវឱ្យជាប់ទាំង ៣ដង ហើយបន្ទាប់ពីវាយតម្លៃឃើញថា អាចចេញទៅក្រៅប្រកបរបរបាន ពួកគេនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការបញ្ចប់វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយក្នុងរយៈកន្លងមក មជ្ឈមណ្ឌល បានផ្ដល់ជូន ចំនួន ៣លើក ស្មើនឹង ៣៣៤នាក់រួចមកហើយ។ សម្រាប់ការផ្ដល់ជូនលើកទី៤ ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នាឱកាសនេះ មានចំនួន ១៦៦នាក់។ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានអំពាវនាវថ្នាក់ដឹកនាំ និងសប្បុរសជនទាំងឡាយ បន្តផ្ដល់ការគាំទ្រដើម្បីនិរន្តរភាពមជ្ឈមណ្ឌល។