ព័ត៌មានជាតិ

សមិទ្ធិផលទាំងអស់ដែលបានកើតឡើងហើយត្រូវរួមគ្នាថែរក្សាដើម្បីប្រយោជន៍ដល់ការប្រើប្រាស់បានយូរអង្វែង

 

បាត់ដំបង÷ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ០១ខ្នង ០៦បន្ទប់ ខ្លោងទ្វារ និងរបងនៅក្នុងអនុវិទ្យាល័យឈើទាល ស្ថិតក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

បន្ទាប់ពីស្តាប់របាយការណ៍ស្វាគមន៍របស់លោក ស្រេង សុខា អភិបាល នៃគណៈអភិបាលស្រុកបាណន់រួចមក អញ្ជើញមានប្រសាសន៍នាឱកាសនោះ ក្នុងនាមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា សមិទ្ធិផលទាំងអស់ដែលបានកើតឡើងហើយយើងត្រូវរួមគ្នាថែរក្សាដើម្បីប្រយោជន៍ដល់ការប្រើប្រាស់បានយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ។

សម្តេចក្រឡាហោមបានសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលបានសហការសាមគ្គីគ្នាជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងបានជួយដោះស្រាយសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមភូមិ-ឃុំ ប្រកប
ដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ពិសេសបានចូលរួម ថែរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែល្អប្រសើរជាលំដាប់។

សម្ដេច បានសម្តែងនូវទឹកចិត្តសប្បាយរីករាយក្នុងការចូលរួមអបអរសាទរជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងក្មួយៗ ចៅៗ ជាសិស្សានុសិស្សទាំងអស់ នៅក្នុងអនុវិទ្យាល័យឈើទាលយើងនេះ ដែលបានទទួលសមិទ្ធផលថ្មីជាអគារសិក្សា ១ខ្នង ៦បន្ទប់ ដើម្បីសម្រួលដល់ការបំពេញការងាររបស់លោកគ្រូ អ្នកគ្រូ ក៏ដូចជា សម្រួលដល់ការសិក្សារបស់ចៅៗ ក្មួយៗ ជាសិស្សានុសិស្ស ឱ្យកាន់តែល្អប្រសើរថែមទៀត។

ជាមួយគ្នានេះ សម្តេចក៏សូមចូលរួមត្រេកអររីករាយជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកបាណន់ទាំងមូល ដែលទទួលបាននូវសមិទ្ធផលថ្មីជា ផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង អគារលើកកម្ពស់សុខភាព មណ្ឌលសុខភាព ប្រឡាយមេចែកចាយទឹក និងសមិទ្ធផលផ្សេងៗជាច្រើនទៀត ។

សម្តេចមានប្រសាសន៍បន្តថា សមិទ្ធផលអគារសិក្សាថ្មី ១ខ្នង ៦បន្ទប់ និងសមិទ្ធផលផ្សេងៗជាច្រើនទៀត ដែលបានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ បានមកពីថវិការបស់គម្រោងមូលនិធិឃុំ-ស្រុក រួមគ្នាជាមួយថវិកាផ្ទាល់ខ្លួនរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ព្រមទាំងសប្បុរសជននានាផងដែរ៕(ដោយថេង ដារ៉ា)

kdn

Leave a Reply

Your email address will not be published.