បាត់ដំបង ÷ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធត្រូវគិតគួរប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសំណង់មិនរៀបរយ និងជៀសវាងការសាងសង់សំណង់ថ្មីតាមដងស្ទឹងជាដាច់ខាត។
ឯកឧត្តមបន្តថា ចំពោះសំណង់ចាស់ដែលមានស្រាប់មិនត្រូវពង្រីកជាសំណង់រឹងឡើយ ហើយត្រូវណែនាំពួកគាត់កុំឱ្យចោលសំរាមក្រោមផ្ទះ ឬក្នុងស្ទឹងជាដើម ជាហេតុធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន សោភ័ណភាពក្រុង និង ទេសចរណ៍តាមដងស្ទឹង។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ដោយសារកន្លងមក មានប្រជាពលរដ្ឋ មួយចំនួនតូចមិនបានយល់ពីបរិស្ថានបោះចោលសំរាមពាសវាល ពាសកាល ចូលក្នុងស្ទឹងនិងលួចសាងសង់សំំណង់រឹង លើដីចំណីស្ទឹង យកធ្វើជាកម្មសិទ្ធ គ្មានការទប់ស្កាត់ ឬណែនាំពីអាជ្ញាធរមូលដ្ឋាន និង ជំនាញពាក់ព័ន្ធឡើយ។
ឯកឧត្តមថ្លែងបែបនេះ នៅក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលបេតុងសរសៃដែក ផ្លូវមាត់ស្ទឹងត្រើយខាងកើតចាប់ពីស្ពាន១៣មករា រហូតដល់ផ្លូវលេខ១៥៥ (ស្ពានខ្វែង) ដែលមានប្រវែង ៣.៤១០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងបំពាក់ភ្លើងបំភ្លឺសាធារណៈចំនួន ១៣៦បង្គោល ស្ថិតក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង និងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។នាព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នេះ មានការចូលរួមពីប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានសង្កាត់ក្រុងនិងជំនាញពាក់ព័ន្ធជាច្រើនរូបទៀត ជុំវិញមន្ទីរនានាក្នុងខេត្ត។៕
#ដោយលោកអ៊នអឿម