ព័ត៌មានសន្តិសុខសង្គម

ឡានកាម៉ារីឆ្លាម១គ្រឿងបើកបរលឿនខណ:ពេលមេឃកំពុងមានភ្លៀងរលឹមបានរេចង្កូតធ្លាក់ចូលទឹកប្រឡាយ

 

ឧត្តរមានជ័យ:មានហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏មួយបង្កឡើងដោយ ឡានម៉ាកតូយូតាកាម៉ារីឆ្លាមមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប 2.A 1799 សង្ស័យបើកបរក្នុងស្ថានភាពលឿនជ្រុលពេកមិនប្រយ័ត្នស្របពេលមេឃកំពុងភ្លៀងរលឹមស្រិចៗបានរ៉េចង្កូតធ្លាក់ចុះមុជទឹកប្រឡាយទាំងព្រឹកព្រលឹមបង្កការភ្ញាក់ផ្អើលទៅដល់អ្នកភូមិចេញមកមើលយ៉ាងព្រោងព្រាត តែករណីនេះពិតជាសំណាងល្អមួយក្នុង១ពាន់គ្រោះថ្នាក់ដោយពុំមានអ្នករងរបួសដល់ជីវិត ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង នេះដែរបានកើតឡើងនៅលើផ្លូវជាតិលេខ៦៧ស្ថិតនៅក្នុងភូមិគិរីវ័ន្ត សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅ ចន្លោះម៉ោងប្រមាណជា៨ថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៤។

ប្រភពចេញពីកន្លែងកើតហេតុបានបញ្ជាក់ប្រាប់ឲ្យដឹងថា មុនដំបូងឡើយគាត់បានឃើញរថយន្តកាម៉ារីឆ្លាមខាងលើបើកបោះប៉ួយយ៉ាងលឿនស្លេវ ពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតធ្លាក់ទៅខាងឆ្វេងដៃជ្រមុជទឹកលាន់ស្នូរប្រោកតែម្តង ពេលនោះគាត់ក៏ឃើញមានមនុស្ស ស្រវេស្រវាបើកទ្វារលូនចេញមកពីក្នុងឡានផងដែរ។

បើតាមសាក្សីអ្នកដែលបានឃើញហេតុការណ៏នៅកន្លែងកើតហេតុម្នាក់ទៀតបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៤ថា
រថយន្តម៉ាកកាម៉ារីឆ្លាមពត៌ខ្មៅខាងលើនេះគឺជារថយន្តរបស់អ្នកលក់សំបុត្រឡានក្រុង ហើយម្ចាស់បានប្រាប់គាត់ថា បើកឡានរាងប្រញាប់បន្តិចដើម្បីយកសំបុត្រទៅលក់ឲ្យភ្ញៀវ ព្រោះជិតភ្ជុំចឹង សំបូរ ភ្ញៀវទិញច្រើន លុះមកដល់កន្លែងកើតហេតុក៏ជួបគ្រោះអកុសលបើករេចង្កូតធ្លាក់ចូលទៅប្រឡាយទឹកទាំងកំរោលតែម្តងខណ:ពេលមេឃកំពុងតែភ្លៀងតាំងពីយប់លុះព្រឹកឡើងហើយមិនទាន់ដាច់ដំណក់ទឹកភ្លៀងទៀត។

សូមបញ្ជាក់ថា បន្ទាប់ពីឡានធ្លាក់ទឹកភ្លាមនោះមួយសន្ទុះ តៃកុងឡានដែលគេស្គាល់ថាជាអ្នកលក់សំបុត្រឡានខាងលើនោះបាន ប្រញាប់ប្រញាល់ចេញទៅមុនបាត់ទៅ ដោយខលហៅអ្នកភូមិយកត្រាក់័រ អូសឡានដែលធ្លាក់ប្រឡាយដើម្បី យកចូលយានដ្ឋានធ្វើការជួសជុលឡើងវិញពីព្រោះថា ឡានតែកាលណាចូលទឹកហើយម៉ាសុីនត្រូវរលត់ បញ្ឆេះបើកទៅមុខលែងកើត វាគាំងទាំងអស់ ដោយឡែកជាក់ស្តែងឡានដែលគ្រោះថ្នាក់បង្កឡើងដោយខ្លួនឯងនេះដែរ រងការខូចខាតខ្ទេខខ្ទីផ្នែកខាងមុខយ៉ាងដំណុំផងដែរមិនបណ្តាលគ្រោះថ្នាក់ដល់អ្នកដ៍ទៃនិងតៃកុងឡានទេ។ (ឈឿន ប៊ុនឈី )

kdn

Leave a Reply

Your email address will not be published.