ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់ទទួលបានវ៉ាក់សាំងព្យាបាលជំងឺកូវីដ-១៩ជាផ្លូវការនៅឡើយទេ។ ការលើកឡើងរបស់រដ្ឋមន្ត្រីបែបនេះ បន្ទាប់ពីមានការចេញផ្សាយព័ត៌មានថា ប្រទេសដែលរកឃើញវ៉ាក់សាំងកូវីដ-១៩ នឹងផ្តល់មកកម្ពុជា។
លោក ម៉ម ប៊ុនហេង បានឲ្យដឹងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ មុនពេលយកអំណោយជាម៉ាស់ និងសម្ភារពេទ្យមួយចំនួនទៅឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ទោះបីជាមានប្រទេសមួយចំនួនរកឃើញវ៉ាក់សាំងព្យាបាលជំងឺកូវីដ-១៩ក្តី តែកម្ពុជាកំពុងរងចាំ។ ទោះបីយ៉ាងណាលោកថា វ៉ាក់សាំងនេះមិនទាន់មានការប្រកាសជាផ្លូវការនោះទេ។
លោកបញ្ជាក់ថា «យើងមិនទាន់ទទួលបានជាផ្លូវការនោះទេ សម្រាប់វ៉ាក់សាំងព្យាបាលជំងឺកូវីដ-១៩។ យើងគ្រាន់បានឮគេសរសេរតែប៉ុណ្ណោះ។ តែយើងកំពុងចាំវ៉ាក់សាំង។ តែវ៉ាក់សាំងមានច្រើនណាស់ គេមិនទាន់ឲ្យព័ត៌មានជាផ្លូវការនោះទេ។ គេនិយាយតែមាត់ ហើយខ្ញុំមិនទាន់ទទួលបាន ឯកសារជាផ្លូវការនោះទេ ដូចជាផលប៉ះពាល់ឬប្រសិទ្ធភាពនោះទេ ខ្ញុំឮតែតាមសារព័ត៌មាននោះទេ»។ លោកបន្ថែមថា មិនទាន់ទទួលបានវ៉ាក់សាំងណាមួយនោះទេ ព្រោះកម្ពុជាមិនទាន់មានអ្នកស្លាប់ តែបើយកមកបែរជាមានបញ្ហាគឺពិបាក ដូច្នេះត្រូវតែប្រុងប្រយ័ត្ន ។
លោករដ្ឋមន្ត្រី បានលើកឡើងទៀតថា សម្រាប់ប្រទេសគេមានមនុស្សឈឺ និងស្លាប់ច្រើនទើបយកវ៉ាក់សាំងសាកល្បង តែកម្ពុជាមិនមានទេ ព្រោះកម្ពុជាឆ្លងសុទ្ធតែជាអ្នកនាំយកពីក្រៅ។ លោកសង្កេយឃើញថា ប្រជាពលរដ្ឋបានទទួលការអប់រំ និងអនុវត្តន៍ល្អចំពោះវិធានការ របស់ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ២៦ វិច្ឆិកា មានអ្នកជំងឺកូវីដ-១៩ ចំនួន៣០៧នាក់ និងអ្នកជាសះស្បើយចំនួន ២៩៨នាក់៕