ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២១លោកជំទាវ បាន ស្រីមុំ ប្រធាន គណៈ កម្មាធិការសាខា កាកបាទ ក្រហម កម្ពុជា ខេត្ត និង ជា អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន រួម នឹង ឯកឧត្តម អ្នកតំណាង រាស្ត្រ មណ្ឌល ប៉ៃលិន ឯកឧត្តម ប្រធាន ក្រុម ប្រឹក្សា ស្ដីទី ខេត្ត ព្រមទាំង សមាជិក សមាជិកា គណៈ កម្មាធិការ សាខា អនុ សាខា មន្ត្រី ប្រតិបត្តិ មន្ត្រី រាជការ ជុំ វិញ ខេត្ត យុវជន ស.ស.យ.ក.ខេត្ដ អាជ្ញាធរ មូលដ្ឋាន និង សហការី បាន អញ្ជើញ ជួប សំណេះសំណាល សួរ សុខទុក្ខ និង នាំ យក អំណោយ មនុស្សធម៌ ជា ស្បៀងអាហារ មាន ដូចជា អង្ករ មី ត្រីខ ទឹក ស៊ីអ៊ីវ ផ្អក ទឹកក្រូច ឃីតឃីតមួយកញ្ចប់ (មុង១ ភួយ១ កន្ទេល១) និង ថវិកា មួយ ចំនួន ផ្ដល់ ជូន ពុក ម៉ែ បងប្អូន ប្រជាពលរដ្ឋ ចំនួន២០០គ្រួសារ ដែល មាន ជីវភាព ខ្វះខាត ក្នុង វិបត្តិ ជម្ងឺកូវីដ-១៩ ទាំង ៤ ឃុំ នៃ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោកជំទាវ បាន ស្រីមុំ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត និង ជា អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ៖ ដោយសារតែវិបត្តិកូវីដ-១៩ ទើបធ្វើឱ្យជីវភាពប្រជាពលរដ្ឋមួយចំនួនមានការខ្វះខាត ខណៈពេលមិនអាចចេញទៅប្រកបមុខរបរណាឆ្ងាយពីលំនៅឋានខ្លួនបាន ដូចកាលពីមុន ។ លោកជំទាវ បន្តទៀតថា អំណោយទាំងអស់ខាងលើនេះ គឺគ្រាន់តែអាចជួយសម្រាលបន្ទុកមួយគ្រាប៉ុណ្ណោះ ហើយក៍នឹងផ្តល់ជូននៅពេលក្រោយៗបន្តទៀតផងដែរ ។
លោកជំទាវបញ្ជាក់ថា ករណីប្រជាពលរដ្ឋ្លឆ្លងជម្ងឺកូវីដ-១៩ទាំង១៣នាក់ គឺជាការនាំចូលមកពីប្រទេសថៃ មិនមានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ខេត្តប៉ៃលិន ដូចការផ្សាយព័ត៍មាន តាមសង្គមហ្វេសប៊ុក របស់ជនអគតិមួយចំនួននោះឡើយ ។ លើសពីនេះ អ្នកកើតជម្ងឺកូវីដ-១៩ទាំងនោះ បានជាសះស្បើយទាំងស្រុងចំនួនពាក់កណ្តាលហើយ ដោយអាជ្ញាធរខេត្តនឹងជូនដំណើរឱ្យបន្តទៅផ្ទះនៅល្ងាចថ្ងៃដដែលនេះ ។
លោកជំទាវក៍បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជម្ងឺខាងលើ ដោយត្រូវលាងដៃនឹងសាប៊ូ ឱ្យបានញឹកញាប់ ឬលាងដៃនឹងទឹកអាល់កុល ជែលជាដើម ដើម្បីការពារកុំឱ្យឆ្លងរីករាលដាលនៅក្នុងសហគមន៍ ៕ ដោយ ៖នាក់ ង៉យ