បាត់ដំបងៈមជ្ឍមណ្ឌលពិភពនៃក្តីសង្ឃឹមដែលមានទីតាំងស្ថិតនៅភូមិដំណាក់ដង្កោរឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ក្រោមការគ្រប់របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងគឺជាកន្លែងស្តារនិតិសម្បទាចំពោះអ្នកញៀនថ្នាំញៀន ដែលកំពុងព្យាបាលតាមវេជ្ជសាស្រ្ត ដោយគ្រូពេទ្យជំនាញ។
លោក ស៊ាន សុណាល់,ប្រធានគ្រប់គ្រងមជ្ឍមណ្ឌលពិភពនៃក្តីសង្ឃឹមខាងលើឲ្យដឹងថា ផែនការនិងសកម្មភាពរបស់មជ្ឍមណ្ឌលពិភពនៃក្តីសង្ឃឹមគឺបានប្រមែប្រមូលយកពួកគេមកដាក់ក្នុងមណ្ឌលនេះតាមរយៈការចាប់ខ្លួនរបស់សមត្ថកិច្ចភាគច្រើន,ដែលពួកគេបានធ្វើសកម្មភាពសេពគ្រឿងញៀន,ញៀនថ្នាំខ្លាំងបង្កបញ្ហាផ្សេងៗក្នុងមូលដ្ឋានក្រោយពីចាប់ខ្លួនធ្វើតេស្តទឹកម៉ូត(ទឹកនោម)មាន
សារធាតុញៀន ត្រូវបានយកមកផ្តាច់រយៈពេល៦ខែនៅទីនេះទើបឲ្យចេញវិញ។
លោកបានបន្តថា ពួកគេត្រូវបានផ្តាច់ដោយមិនឲ្យប្រើប្រាស់គ្រឿងញៀនបន្តទៀតរយៈពេល៦ខែ,ការអប់រំ ផ្លូវធម៌ ផ្លូវច្បាប់ ផ្លូវចិត្ត ផ្លូវកាយ បង្កើនចំណេះដឹង ជំនាញ ឲ្យស្គាល់ពីតម្លៃខ្លួន ការរស់នៅក្នុងសង្គម ឲ្យស្គាល់ពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀននិងថយឲ្យឆ្ងាយពីគ្រឿងញៀន ដែលសង្គមហាមឃាត់។
លោកបានបញ្ជាក់ទៀតថា វិធីសាស្រ្តផ្តាច់គ្រឿងញៀនស្តារនីតិសម្បទាចំពោះពួកគេដែលមានសារធាតុញៀននៅក្នុងខ្លួនក្នុង១ថ្ងៃទទួលទានអាហារនិងមុជទឹកសំអាតខ្លួនប្រាណ៣ពេល(ព្រឹក ថ្ងៃ ល្ងាច) និងឲ្យពួកគេធ្វើពលកម្ម លំហាត់ប្រាណ លេងកីឡាញឹកញាប់ ឲ្យបែកញើសចេញពីខ្លួន តែ១សប្តាហ៏ទៅ១០ថ្ងៃពិនិត្យទឹកនោមលែងឃើញសារធាតុញៀនហើយ តែតម្រូវឲ្យផ្តាច់ដល់៦ខែ។
លោកបន្តថា ពួកគេត្រូវបានព្យាបាលតាមផ្នែកវេជ្ជសាស្រ្ត ដោយគ្រូពេទ្យជំនាញ,ស្តារនីតិសម្បទា (លំហាត់ប្រាណ)បណ្តុះបណ្តាលវិជ្ជាជីវៈជំនាញរកទីផ្សា(ការដាំបន្លែ ចិញ្ចឹមសត្វ បណ្តុះកូនឈើ ធ្វើជី ធ្វើជាជាងសំណង់,,,។ល។)។ធ្វើសមាហរណកម្ម,ដែលពួកគេជាជនរងគ្រោះដោយសារគ្រឿងញៀនទាំងនេះ,បច្ចុប្បន្នសរុបចំនួន២៨០នាក់ជាបុរសទាំងអស់មានអាយុចាប់ពី១៥ដល់៣៥ឆ្នាំជាស្រទាប់យុវជនដែលពួកគេកាលពីឆ្នាំមុនៗមានចំនួនជាង៣០០ទៅ៤០០នាក់នៅពេលព្យាបាលជាត្រូវបានឪពុកម្តាយនិងអាណាព្យាបាលមកទទួលយកទៅរស់នៅតាមសហគមន៏ ជាប្រជាពលរដ្ឋល្អវិញ។
យុវជនឈ្មោះសាន សាយ,អាយុ៣៣ឆ្នាំរស់នៅស្រុករុក្ខគិរីដែលបានយកមកផ្តាច់សារធាតុញៀនរយៈពេលជាង២ខែមកហើយក្នុងមជ្ឍមណ្ឌលពិភពនៃក្តីសង្ឃឹមបានសំណូមពរដល់យុវជនដ៏ទៃទៀតត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀននិងកុំធ្វើតម្រាប់តាមខ្លួននៅពេលមកនៅក្នុងមណ្ឌលនេះទើបភ្ញាក់ខ្លួនថាខុសនៅ ពេលខ្លួនចេញវិញនិងកែប្រែខ្លួនជាកូនល្អ ពលរដ្ឋល្អ រស់នៅក្នុងសង្គមឲ្យមានតម្លៃលែងឲ្យឪពុកម្តាយពិបាកចិត្តទៀតឡើយ សំខាន់ខ្លួនយើងកុំឲ្យបន្តប្រព្រឹត្តទៀត៕