ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ជម្រុញឱ្យអាជ្ញាធរខេត្តយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការពារធនធានធម្មជាតិ និងបរិស្ថាន

 

បាត់ដំបង÷ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការពារធនធានធម្មជាតិ និងបរិស្ថាន ក្នុងនោះសម្ដេចជំរុញឱ្យបង្កើនការយកចិត្តទុកដាក់បង្ការ និងទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើ បរបាញ់សត្វ និងការនេសាទខុសច្បាប់ដែលបំផ្លិចបំផ្លាញធនធានមច្ឆាជាតិ ពិសេសនៅតំបន់ជាប់បឹងទន្លេសាប។ដោយសារកន្លងមកមានការរុករានទន្ទានកាប់បំផ្លាញព្រៃលិចទឹកយកដីធ្វើជាកម្មសិទ្ធប៉ះពាល់ដល់ជម្រកសត្វព្រៃនិងបរិស្ថាន។

ទន្ទឹមនឹងគ្នានេះខេត្តបាត់ដំបង ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ សម្ដេចបានលើកទឹកចិត្តឱ្យបន្តយកចិត្តទុកដាក់លើការងារគ្រប់គ្រងសំរាម និងការលើកកម្ពស់បរិស្ថាន ពិសេសបង្កើនភាពបៃតងនៅតាមទីសាធារណៈ។

សម្ដេចក្រឡាហោម ថ្លែងបែបនេះក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងផ្សាររាត្រី ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង,នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ ៕

#ដោយលោកអ៊នអឿម

kdn

Leave a Reply

Your email address will not be published.