បាត់ដំបង:សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន០២នាក់ដែលជាមុខសញ្ញាឆក់ទូរស័ព្ទដៃយ៉ាងសកម្មក្នុងមូលដ្ឋានត្រូវបានចាប់ខ្លួននៅថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ វេលាម៉ោង១៤និង៣០នាទី នៅចំណុចក្រុមទី ០៦ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ក្នុងករណីបទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ០១គ្រឿងម៉ាកOPPOពណ៌ផ្ទៃមេឃ របស់ជនរងគ្រោះឈ្មោះ សំ សុភាព ភេទស្រីអាយុ ៤៨ឆ្នាំ រស់នៅភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចដដែលបន្តថា លុះដល់វេលាម៉ោង ១៥និង០០នាទី ថ្ងៃខែឆ្នាំដដែលនៅចំណុចក្រុមទី០១ ភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួច មានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ) កើតឡើងម្តងទៀតដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន ០២នាក់ជិះម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ក្រហម មិនស្គាល់ស៊េរីនិងស្លាកលេខ បានជិះម៉ូតូធ្វើសកម្មភាពឆក់យក ទូរស័ព្ទដៃរបស់ជនរងគ្រោះ ឈ្មោះ ម៉ិល សឿប ភេទប្រុសអាយុ ៤៣ឆ្នាំរស់នៅមូលដ្ឋានខាងលេីខណៈជនរងគ្រោះឱ្យកូនលេងទូរស័ព្ទម៉ាកOPPO។
នៅបន្ទាប់ពីកើតហេតុការណ៍បាត់ទូរស័ព្ទភ្លាមជនរងគ្រោះបានប្តឹងទៅសមត្ថកិច្ចនគរបាលស្រុកថ្មគោល ដែលមានលោក វរសេនីយ៍ទោ សេង លុច ជាអធិការ នគរបាលស្រុក។
អនុវត្តតាមបទបញ្ជាដឹកនាំរបស់លោ ក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការរងារនគរបាលព្រហ្មទណ្ឌ សមត្ថកិច្ចនគរបាលស្រុកថ្មគោលសហការជាមួយសមត្ថកិច្ចនគរបាលស្រុកបវេលដែលមានលោកវរសេនី យ៍ឯកសុខ សារិន ជាអធិការបានធ្វើការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនបានមុខសញ្ញាជនសង្ស័យចំនួន ០២នាក់គឺ៖
១-ឈ្មោះ ហ៊ុន សេង ភេទប្រុសអាយុ ៣៥ឆ្នាំ រស់នៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ(ជនដៃដល់)។
២-ឈ្មោះ រី វ័ន្ត ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល (អ្នកបើកម៉ូតូ)។
ដកហូតសម្ភារះតាងរួមមាន៖
ម៉ូតូ ០១ គ្រឿងម៉ាកហុងដា ស៊េរីឆ្នាំ ២០២០ ពណ៌ក្រហម ពពាក់ស្លាកលេខបាត់ដំបង
1AL-6046ទូរស័ព្ទដៃចំនួន ០២ គ្រឿងម៉ាកOPPO។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់បានសារភាពទទួលស្គាល់នូវសកម្មភាពល្មេីសរបស់ខ្លួន។ពេលនេះសមត្ថកិច្ចនគរបាលស្រុកបានរៀបចំបញ្ជូនជនសង័្សយមកកាន់ការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
រីឯទូរស័ព្ទដៃបានប្រគល់ជូនម្ចាស់ដើមវិញ៕