ព័ត៌មានជាតិ

មន្ទីរទេសចរណ៍ខេត្ត បូកសរុបចំនួនភ្ញៀវទេសចរណ៏ ដែលចូលមកលេងកម្សាន្ត នៅក្នុងខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ រស់នៅក្នុងខេត្តប៉ៃលិន ក៏ដូចជាធ្វើដំណើរមកពីតាមបណ្តាខេត្តនានា យ៉ាងច្រើនកុះករ ខណ:ពួកគេម្នាក់ៗ ទទួលបានការឈប់សម្រាកពីការងាររយ:ពេល៥ថ្ងៃដោយជំនួសឱ្យថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកាលពីខែមេសាឆ្នាំ២០២០កន្លងមកនេះដោយសារការផ្ទុះឡើងនូវជម្ងឺឆ្លងកូវីដ១៩រាតត្បាតជាសកលនោះ ។


លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិនបានឱ្យដឹងថា ខេត្តប៉ៃលិនមានភ្ញៀវទេសចរណ៏ជាតិអន្តរជាតិចូលមកលេងច្រើន ភ្ញៀវខ្លះ ធ្វើដំណើរកម្សាន្តជាលក្ខណ:គ្រួសារ មានវេចខ្ចប់ម្ហូបអាហារ ចូលទៅលេងនៅតាមរមណីយដ្ឋាន ចំការខ្នុរ រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ និងរមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំយ៉ាតជាដើម ។

ចំណែកអ្នកខ្លះចេញពីខេត្តទៅលេងរហូតដល់ខេត្តកំពត ខេត្តកែប រតនគីរី មណ្ឌលគីរី ដើម្បីទទួលបានការយល់ដឹងពីទេសភាពប្លែកៗនៃខេត្តនីមួយៗផងដែរ ។


លោកបន្តថា បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៏ខេត្ត កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០នេះ ថា ៖ ក្នុងរយៈពេល០៥ថ្ងៃកន្លងទៅនេះ គឺចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ ខាងមន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានចាត់មន្ត្រីក្រោមឱវាទ ចុះទៅស្រង់ស្ថិតិចំនួនភ្ញៀវទេសចរទាំងអស់ ដែលបានធ្វើដំណើរមកពីតាមបណ្តាខេត្តនានា ដែលបានចូលមកទស្សនាកម្សាន្តនៅក្នុងខេត្តប៉ៃលិន នាឱកាសថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយមានចំនួនសរុប២១,៧២៦នាក់ ។


លោកបន្តទៀតថា ក្នុងនោះភ្ញៀវជាតិមានចំនួន២១,៧២១នាក់ រីឯភ្ញៀវអន្តរជាតិ សរុបចំនួន០៥នាក់ ។ ទោះបីជាយ៉ាងណាក៏ដោយ ចំពោះស្ថានភាពទូទៅ ខាងលោកសង្កេតឃើញថា មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ មានការយាមប្រចាំការពីសំណាក់កម្លាំងនគរបាលអធិការដ្ឋានក្រុងប៉ៃលិន សហការជាមួយខាងប៉ុស្តិ៍នគរបាលសង្កាត់ នគរបាលការពារព្រំដែន និងប្រជាការពារផងដែរ ។

លោកបញ្ជាក់ទៀតថា នៅក្នុងមូលដ្ឋាននៃអាជីវកម្មតាមកន្លែងនីមួយៗ មានការយកចិត្តទុកដាក់ អនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ ដោយមានដាក់ម៉ាស៊ីនវាស់កំដៅ សាប៊ូលាងដៃ ជែល និងទឹកអាល់កុល សម្រាប់ភ្ញៀវទេសចរផងដែរ ។


សូមបញ្ជាក់ថា នៅតាមរមណីយដ្ឋាននីមួយៗ អាជីវករមានការលក់ដាច់កាក់កបខ្លាំង ស្ទើរតែលក់ឱ្យភ្ញៀវមិនទាន់នោះឡើយ ពោលគឺម្នាក់ៗញាប់ដៃញាប់ជើង ត្រៀមម្ហូបអាហារសម្រាប់ភ្ញៀវ ចូលកុម្មង់យកទទួលទានជួបជុំក្រុមគ្រួសារ ហើយអ្នកខ្លះនាំគ្នាហែលទឹកលេងរហូតដល់ពេលល្ងាច ទើបនាំគ្នាធ្វើដំណើរត្រឡប់ផ្ទះសំណាក់ សណ្ឋាគារ និងទៅផ្ទះរៀងៗខ្លួនប្រកបដោយសុវត្ថិភាព ៕ ដោយ ៖ នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.