ព័ត៌មានជាតិ

ស្រ្តីម្នាក់ អស់លក្ខណ៍ ជាប់អន្ទាក់ជនរងគ្រោះ ឯ៣នាក់ទៀត រត់រួច

ភ្នំពេញ៖ជនសង្ស័យជាស្រ្តីម្នាក់អស់ល័ក្ខត្រូវបានចាប់ខ្លួនក្នុងចំណោមបក្សពួកគេចំនួន៤នាក់ធ្វើសកម្មភាពប្រើល្បិចចាស់ទម្លាក់យោងបញ្ឆោតល្បួងយកគ្រឿងអលង្ការក្លែងក្លាយបានចំនួន២លើកផ្សេងគ្នាបានសម្រេចគាប់ជួនថ្ងៃស៊យប៉ះចំជនរងគ្រោះចុងក្រោយដឹងខ្លួនទាន់ ក៏ស្រែកឆោរឡោផ្អើលដល់មនុស្សម្នាដេញចាប់ប្រផាប់ប្រភីងបានម្នាក់ និង០៣នាក់ទៀតបានរត់ប្រាស់អាយូស កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅដីវាលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។


ជនសង្ស័យ ដែលជនរងគ្រោះចាប់ខ្លួនបានម្នាក់នោះ មានឈ្មោះ ឌឿន ផល្លីន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ ជំនាញខាងទម្លាក់យោង ស្នាក់នៅផ្ទះជួលក្នុងភូមិឈូកវ៉ា សង្កាត់កោករកា ខណ្ឌព្រែកព្នៅ មានស្រុកកំណើតនៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។


ចំណែករងគ្រោះ២នាក់ ទី១-ឈ្មោះ សេក ចាន់ថន ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានប្តីឈ្មោះ គៀត ភឿន អាយុ២៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលក្នុងភូមថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិស៊ីការ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សម្ភាៈរបាត់បង់៖ អស់កងដៃ១ឈុត (៣០០ដុល្លារ) ខ្សែមាស៣ជី។


ជនរងគ្រោះទី២-ឈ្មោះ ឌឿន លេខ ភេទស្រី អាយុ២១ឆ្នាំ មុខរបរ មេផ្ទះ មានប្តីឈ្មោះ ឆាន់ ណារ៉ូ អាយុ២៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិទួលស្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ សម្ភារៈបាត់បង់ មានខ្សែក១ខ្សែ ចិញ្ចៀនប្លាទីន១ឈុត លុយកាក់ សរុបជាង៥០០ដុល្លារ។
តាមសម្តីជនរងគ្រោះទី១ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ខណៈពេលគាត់ចេញពីធ្វើការនៅរោងចក្រ ត្រូវបានជនសង្ស័យ(ស្រី)ខាងលើ និងបក្ខពួក៣នាក់ទៀត ប្រើល្បិចទម្លាក់យោង នាំទៅដោះគ្រឿងអលង្ការនៅក្នុងភូមិទួលពង្រ ដោយបានដោះដូរឲ្យមកវិញនូវខ្សែកកាឡៃ។


រីឯជនរងគ្រោះទី២ បានឲ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែសីហានេះ គ្រាដែលគាត់ដើរទៅរកទិញម្ហូបនៅមុខផ្ទះឡ ផ្លូវចោមចៅ ជនសង្ស័យ និងបក្ខពួក បានប្រើល្បិចធ្វើជាជ្រុះកាបូបលុយមាស ហើយល្បួងគាត់នាំទៅដីវាលក្នុងភូមិទួលពង្រ ដោះយកគ្រឿងអលង្ការ លុយកាក់ អស់ពីខ្លួនរលីង ដោយបានមកវិញខ្សែកកាឡៃ ហើយគាត់ដឹងខ្លួនភ្លាមៗថា ពិតជាចាញ់បោកគេហើយក៏ស្រែកឆោឡោឮដល់ពលរដ្ឋឃើញជួយដេញចាប់បានស្ត្រីសង្ស័យម្នាក់ឯ៣នាក់ទៀតក្នុងនោះមានប្រុស២នាក់បានយកទ្រព្យសម្បត្តិគាត់គេចខ្លួនទៅបាត់។


ជនសង្ស័យក្រោយពីចាប់ខ្លួនបានហើយ បាននាំទៅប៉ុស្តិ៍ លុះដឹងដល់ជនរងគ្រោះទី១ មកមើលទើបដឹងថា ជនសង្ស័យមុខដដែល រួចរួមគ្នាដាក់ពាក្យបណ្តឹងទាំង២នាក់ ស្នើសុំឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់៕

 

kdn

Leave a Reply

Your email address will not be published.