ភ្នំពេញ:ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោកស្រី កាន់ រតនៈឧប្បល ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ មានប្រសាសន៏ថា មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ សហការជាមួយអង្គការដែនដី មនុស្ស ហូឡងដ៍ ប្រចាំនៅកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការថែទាំដោយផ្អែកទៅលើការប៉ះទង្គិចផ្លូវចិត្ត” ផ្តោតសំខាន់ផ្តល់នូវពុទ្ធិបន្ថែមនៃការប៉ះទង្គិចផ្លូវចិត្តនិងផលប៉ះ ពាល់ទៅលើបុគ្គលគ្រប់រូប ទាំងស្ត្រី បុរស និងកុមារជាពិសេសការប៉ះពាល់ផ្លូវចិតអាចកើតមានទៅលើមនុស្សគ្រប់វ័យ ដែលបណ្តាលមកពីកត្តាសង្គម ក្រុមគ្រួសារ ឬសហគមន៍ កត្តាជីវភាព ដែលមើលរំលង ពួកគាត់ បណ្តាលឲ្យមានការប៉ះទង្គិចផ្លូវចិត្ត ផ្លូវអារម្មណ៍ ទាំងក្នុងគ្រួសារក្រីក្រ ឬគ្រួសារអភិជន ដែលបញ្ហាប្រឈមមួយនេះអាចកើតមានឡើងគ្រប់ពេល។ល។
លោកស្រីបានបញ្ជាក់ថា ជំងឺផ្លូវចិត្តនៅក្នុងសង្គមបច្ចុប្បន្នបាន បន្សល់ទុកពីរបបខ្មែរក្រហម សង្គ្រាមស៊ីវិល ជាច្រើនឆ្នាំនៅ កម្ពុជា កត្តាជីវភាព ដែលអាចឲ្យជនរងគ្រោះ ប្រឈមនិង ជំងឺរ៉ាំរ៉ៃជាច្រើន មានដូចជាជំងឺវិបត្តិផ្លូវចិត្ត ជំងឺថប់អារម្ភ ធុញថប់ដែលបញ្ហាទាំងនេះ ធ្វើឲ្យជនរងគ្រោះគិតថាខ្លួន ឯងស្ថិតនៅឯការ គ្មានអ្នកពិភាក្សា គ្មានអ្នកលើកទឹកចិត្ត ផ្តល់ភាពកក់ ក្តៅ បណ្តាលឲ្យជនរងគ្រោះបាត់បង់ស្មារតី មានបញ្ហាខួរក្បាល និងអាចបង្ករឲ្យកើតជំងឺដាច់សរសៃឈាម ក្នុងខួរក្បាលឬពិកាមួយចំហៀងខ្លួនផងដែរ។
ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញបានសង្កត់ធ្ងន់ថា “ជំងឺផ្លូវចិត្ត ឬដំបៅផ្លូវចិត្ត គឺខុសពីរបួសរាងកាយ ដែលយើងមើលឃើញ ហើយស្វែងរកការព្យាបាលបាន សះស្បើយទាន់ពេល។ ប៉ុន្តែជំងឺផ្លូវចិត្ត បានពួនសម្ងំនៅ ក្នុងចិត្តរបស់ជនរងគ្រោះយ៉ាងជ្រៅក្នុងបេះដូង ដែលអ្នកដ៍ទៃពុំបានដឹងគឺមានតែអ្នកជំនាញផ្នែកចិត្តសាស្ត្រ ឬអ្នកជំនាញផ្នែកពិគ្រោះជំងឺផ្លូវចិត្ត ទើបមើលដឹង ហើយត្រូវការព្យាបាលជនរងគ្រោះតាមវិធីណាជាមួយនិងថ្នាំវេជ្ជសាស្ត្រី”។
លោកស្រីប្រធានមន្ទីរបានបានបញ្ជាក់បន្ថែមថា វគ្គ បណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្តល់នូវចំណេះដឹងបន្ថែម សូមសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់រាល់ការចែករំលែកនូវចំណេះដឹង ពីគ្រូបង្គោល ដើម្បីជាប្រយោជន៍ក្នុងការពិគ្រោះយោបល់ជាមួយជនរង គ្រោះដែលមានការប៉ះពាល់ផ្លូវចិត្ត នៅក្នុងសហ គមន៍ សង្គមឬក្រុមគ្រួសារ៕ Nដោយៈ មុនីរ័ត្ន/