ខេត្តប៉ៃលិន ៖ប្រជាពលរដ្ឋរស់នៅក្បែរជើងភ្នំសារវ៉ាន់ ជាប់នឹងព្រំដែនកម្ពុជា ថៃ មានការភ័យស្លន់ស្លោរ ខណ:ឃើញអណ្តាតភ្លើងបានឆាបឆេះព្រៃភ្នំយ៉ាងសន្ធោរសន្ធៅ រហូតដល់អាជ្ញាធរមូលដ្ឋានទាក់ទងទៅខាងរថយន្តពន្លត់អគ្គីភ័យ ឱ្យចូលទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលវេលា ដែលការឆេះព្រៃនេះ គេសង្ស័យថា មានអ្នកលួចដុតព្រៃក្បែរៗ នោះ ឬមានអ្នកចូលទៅយកឃ្មុំក្នុងព្រៃ ភ្លេចពន្លត់ ខណ:ដុតទុកចោល បណ្តាលឱ្យឆេះរាលលើភ្នំ រហូតមកដល់ក្បែរផ្ទះប្រជាពលរដ្ឋតែម្តង។
ហេតុការណ៍ភ្លើងឆេះព្រៃភ្នំសារវ៉ាន់ បង្កឱ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៤០នាទីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភ្នំសារវ៉ាន់ ក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ មុនពេលកើតហេតុ គេឃើញមានផ្សែងភ្លើង បានហុយចេញពីលើភ្នំខាងលើ លុះមួយសន្ទុះក្រោយមក ភ្លើងឆេះព្រៃនេះ កាន់តែរាលដាលធំឡើងៗ បង្កទៅជាផ្សែងខ្មួលខ្មាញ់ឆេះបន្តចុះទៅខាងក្រោមក្បែរៗ ផ្ទះប្រជាពលរដ្ឋ។ ពេលនោះ ពួកគាត់ នាំគ្នាឈរត្រៀមចាំ ពន្លត់ភ្លើងក្រែងបន្តឆេះចូលមកដល់ផ្ទះរបស់ខ្លួន ហើយអ្នកខ្លះក៏ប្តឹងឱ្យអាជ្ញាធរមូលដ្ឋាន ទាក់ទងទៅសមត្ថកិច្ចនគរបាលស្នងការខេត្ត ដើម្បីប្រញាប់យករថយន្តពន្លត់អគ្គីភ័យ ចុះទៅជួយបាញ់ទឹកពន្លត់ទាន់ពេលវេលា។
ប្រភពបន្តទៀតថា ក្នុងការចុះពន្លត់ភ្លើងឆេះព្រៃភ្នំនេះ គេឃើញមានកម្លាំងប្រចាំវេនបញ្ជានៃអ ធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ និងកម្លាំងបង្ការ និងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដែលដឹកនាំដោយលោក សៀ សុខុម អភិបាលស្រុកសាលាក្រៅផងដែរ។
ទោះបីជាយ៉ាងណា ក្រោយពីរថយន្តពន្លត់អគ្គីភ័យចំនួន០២គ្រឿង បានបាញ់ទឹកពន្លត់ភ្លើងនៅត្រង់កន្លែងដែលកំពុងឆាបឆេះ ភ្លើងក៏បានថមថយទៅវិញ រហូតដល់រលត់ទាំងស្រុង ដែលធ្វើឱ្យប្រជាពលរដ្ឋមានការស្ងប់ក្នុងចិត្តផងដែរ។
ទោះបីជាយ៉ាងណា អាជ្ញាធរស្រុកសាលាក្រៅ ក៏ដូចជាកម្លាំងសមត្ថកិច្ចនគរបាល បានណែនាំឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះបញ្ហាភ្លើង ទៀន ធូប ដែលដុត ឬអុជនៅក្នុងផ្ទះ តាមជំនាង ផ្ទះ ហើយត្រូវបិទគប់ភ្លើង និងត្រូវពន្លត់ភ្លើងជាមុនសិន មុនចាកចេញទៅខាងក្រៅ ដើម្បីការពារកុំឱ្យមានករណីអគ្គីភ័យឆាបឆេះផ្ទះសម្បែង ដែលនាំឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងប៉ះពាល់ដល់បញ្ហាជីវភាពផងដែរ៕ ដោយ ៖ នាក់ ង៉យ