ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣នេះ ឈើគ្រឿងផ្ទះប្រមាណជាង២ម៉ែត្រគូប ដែលក្រុមការងាររដ្ឋបាលក្រុងប៉ៃលិន បានដឹកនាំកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ៃលិន ចុះល្បាតព្រៃនៅចំណុចចន្លោះបង្គោលឡាក់៦៧ និង៦៨ ក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានប្រទះឃើញកាលពីរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣កន្លងទៅ បានយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើខណ្ឌប៉ៃលិនហើយ ដោយចាត់ឱ្យកម្លាំងសមត្ថកិច្ចបន្តតាមដានរកអ្នកប្រព្រឹត្តបទល្មើស នាំគ្នាលួចអារឈើនៅក្នុងដែនតំបន់ព្រៃបរិស្ថាន។
បើតាមប្រភពព័ត៌មានពីលោក ចក់ រិទ្ធី អភិបាលរងក្រុងប៉ៃលិន បានឱ្យភ្នាក់ងារយើងដឹងថា ៖ ក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋថា មានការលួចយកម៉ាស៊ីនត្រង់ស៊ីន័រទៅលួចកាប់ផ្តួលរដូករណែលឈើស្ទើរពេញព្រៃ ក្នុងតំបន់អភិរក្ស ហើយដោយទទួលបានការណែនាំពីលោកជំទាវអភិបាលខេត្តប៉ៃលិន លោកក៏បានដឹកនាំកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ៃលិន ចុះទៅល្បាតនៅតំបន់ព្រំដែន ស្រាប់តែប្រទះឃើញដុំឈើគ្រឿងផ្ទះជាច្រើន ដាក់នៅរាយប៉ាយ ខណ:ដែលជនខិលខូចបានលួចកាប់លាក់ទុកនៅក្នុងព្រៃជាច្រើនដុំ។ លោកបន្តទៀតថា ឈើទាំងនោះ រួមមានឈើវ័រយោង ឈើធ្នង់ ដើមរកា និងមៀនព្រៃជាដើម។ ហើយគ្រាន់តែកម្លាំងទៅដល់ភ្លាម ក្រុមជនខិលខូចបាននាំគ្នាបើកបរម៉ូតូរត់គេចខ្លួនចូលព្រៃ ដោយមានអ្នកខ្លះនាំគ្នាឡើងទៅដល់ខាងលើកំពូលភ្នំរួចគេចខ្លួនចូលព្រៃអស់តែម្តង ដោយទំនងពួកគេបានដឹងខ្លួនជាមុន។
លោកបញ្ជាក់ទៀតថា ទោះបីជាយ៉ាងណា ខាងលោក ក៏បានដាក់កម្លាំងសមត្ថកិច្ចឱ្យបន្តតាមឃ្លាំមើលសកម្មភាពជនល្មើស ដែលកំពុងលួចកាប់ព្រៃឈើតំបន់អាភិរក្សបន្តទៀតព្រោះជាតំបន់បរិស្ថានមិនអាចប្រព្រឹត្តបែបនេះបានទេ។
លោកក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សា ការពារព្រៃឈើតំបន់បរិស្ថាន ព្រោះវាជាធនធានធម្មជាតិ ដែលអាចទាក់ទាញនូវទឹកភ្លៀង ហើយធ្វើឱ្យ អាកាសធាតុមានលំនឹងថែមទៀតផង។
ទោះបីជាយ៉ាងណា កំណាត់ឈើគ្រឿងផ្ទះទាំងនោះ ត្រូវបានរដ្ឋបាលក្រុងយកទៅរក្សាទុកនៅ រដ្ឋបាលព្រៃឈើហើយ ក៏កំពុងកំណត់មុខសញ្ញារបស់ជនខិលខូច ដើម្បីកោះហៅមកណែនាំ និងអនុវត្ត តាមនីតិវិធី៕ ដោយ ៖ នាក់ ង៉យ